មន្ត្រីអាមេរិក ២រូប និងប្រភពដែលដឹងពីការសម្រេច កាលពីថ្ងៃចន្ទ (ទី២៤ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា រដ្ឋបាលរបស់លោក Donald Trump បានលុបចោលក្រឹត្យសម័យលោក Joe Biden ដែលតម្រូវឲ្យមានការរាយការណ៍ពីការរំលោភលើច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះរួមទាំងអ៊ីស្រាអែលផងដែរ។
ដោយដកស្រង់សម្ដីពីមន្ត្រីទាំងពេលបច្ចុប្បន្ន និងអតីត សារព័ត៌មាន Washington Post បានរាយការណ៍ដំបូងគេអំពីការសម្រេច ដើម្បីលុបចោលអនុស្សរណៈសន្តិសុខជាតិ-20 (NSM-20) ដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី លោក Biden ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ចំពេលមានការរិះគន់ ជុំវិញការប្រើប្រាស់គ្រាប់បែកអាមេរិករបស់អ៊ីស្រាអែល ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា។

អនុស្សរណៈនេះ តម្រូវឲ្យរដ្ឋាភិបាលអាមេរិកធ្វើរបាយការណ៍ សម្រាប់សភា ស្តីពីការប្រើប្រាស់អាវុធរបស់អាមេរិក ដោយប្រទេសផ្សេងៗ។
កាលពីខែឧសភា ឆ្នាំ២០២៤ នៅក្នុងរបាយការណ៍ដែលតម្រូវដោយអនុស្សរណៈនេះ រដ្ឋបាលរបស់លោក Biden បានប្រាប់ថា អ៊ីស្រាអែលប្រហែលជាបានបំពានច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែមន្ត្រីអាមេរិកមិនអាចកំណត់អត្តសញ្ញាណពីករណីជាក់លាក់នៃការរំលោភដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយសារភាពវឹកវរនៃសង្រ្គាម។
នៅក្នុងប៉ុន្មានខែខាងមុខនេះ រដ្ឋបាលរបស់លោក Trump នឹងត្រូវបានតម្រូវឲ្យរាយការណ៍ទៅសភានូវការវាយតម្លៃរបស់ខ្លួន អំពីការប្រព្រឹត្តរបស់អ៊ីស្រាអែល៕


