ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បាននិយាយថា ពួកគេបានផ្អាកការងារនៅជំរុំរងគ្រោះដោយទុរ្ភិក្សសម្រាប់មនុស្សជម្លៀសខ្លួន ស្ថិតក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ ស្របពេលដែលការវាយប្រហារហិង្សាកើនឡើង ធ្វើឲ្យគ្រោះថ្នាក់ខ្លាំងដល់ប្រតិបត្តិការរបស់ពួកគេ ។
ក្រុម MSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ការប្រយុទ្ធគ្នានៅជុំវិញ និងក្នុងជំរំ Zamzam ស្ថិតនៅជិតទីក្រុង el-Fasher ធ្វើឲ្យពួកគេពុំអាចប្រតិបត្តិការបាន ដើម្បីបន្តការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ។
ពួកគេនិយាយថា បើទោះបីជាមានភាពអត់ឃ្លាន និងតម្រូវការមនុស្សធម៌ទ្រង់ទ្រាយធំយ៉ាងណាក្តី ពួកយើងគ្មានជម្រើសនោះទេ ក្រៅពីសម្រេចចិត្តផ្អាកសកម្មភាពរបស់ពួកយើងទាំងអស់នៅក្នុងជំរំ រួមទាំងមន្ទីរពេទ្យចល័តរបស់ MSF ។
ក្រុម MSF ស្ថិតក្នុងចំណោមក្រុមមនុស្សធម៌តិចតួចប៉ុណ្ណោះ នៅធ្វើការក្នុងជំរំ Zamzam ដែលមានមនុស្សជម្លៀសខ្លួនប្រហែលកន្លះលាននាក់ ដោយសារសង្រ្គាមស៊ីវិលរយៈពេល ២២ខែនៅក្នុងប្រទេសស៊ូដង់ ។
ក្រុមការងារសុខភាពនៅក្នុងមន្ទីរពេទ្យចល័តរបស់ MSF នៅជំរំ Zamzam បានជួយព្យាបាលមនុស្សរងរបួសពីការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស(RSF)ក្នុងខែនេះ ក៏ដូចជាផ្តល់ការថែទាំសុខភាពដល់កុមារខ្វះអាហារូបត្ថម្ភរាប់ម៉ឺននាក់ ៕