ទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងល្បឿនលឿនខ្លាំងបំផុតក្នុងរយៈពេល ៣ឆ្នាំកន្លះនៅខែកុម្ភៈ នេះ ខណៈការរំពឹងទុកពីអតិផរណា ១២ខែបានកើនឡើងខ្ពស់ ដែលផ្តល់ជាសញ្ញាបន្ថែមទៀតថា ប្រជាជនអាមេរិកកំពុងភ័យព្រួយពីផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានដែលអាចកើតមាន ដោយសារគោលនយោបាយដ៏គួរឱ្យបារម្ភរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump។

ការស្ទង់មតិកាលពីសប្តាហ៍មុនរបស់ក្រុមប្រឹក្សាសន្និសីទ The Conference Board ដែលចេញផ្សាយថ្ងៃអង្គារ (២៥ កុម្ភៈ) បានបង្ហាញថា "មតិយោបល់លើគោលនយោបាយរបស់រដ្ឋបាលបច្ចុប្បន្ន បានគ្របដណ្តប់លើចម្លើយរបស់អ្នកឆ្លើយតប" ដោយបង្ហាញពីការធ្លាក់ចុះខ្លាំងលើទំនុកចិត្តអាជីវកម្ម និង អតិថិជននៅក្នុងខែកុម្ភៈ។

ការដំឡើងពន្ធលើការនាំចូល ដែលលោក Trump បានដាក់រួចហើយ ឬកំពុងត្រៀមផែនការ ត្រូវបានជ្រើសរើសថាជាបញ្ហាចម្បងនៅក្នុងការស្ទង់មតិ លើស្ទើរតែគ្រប់ក្រុមគ្រួសារ និងអាជីវកម្មទាំងអស់។ សេដ្ឋវិទូព្រមានថា ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលសហព័ន្ធ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកប្រើប្រាស់ផងដែរ ដែលពួកគេនិយាយថា បានបង្កហានិភ័យដល់ការចំណាយ ដែលជាក្បាលម៉ាស៊ីនសំខាន់នៃសេដ្ឋកិច្ច។

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ក្នុងការស្ទង់មតិនេះបានធ្លាក់ចុះ ៧ពិន្ទុ ដែលជាតួលេខដ៏ធំបំផុតចាប់ពីខែសីហា ឆ្នាំ២០២១មក ដោយធ្លាក់នៅត្រឹម ៩៨,៣ពិន្ទុ ក្នុងខែនេះ ទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច ដែលធ្លាប់និយាយថា សន្ទស្សន៍អាចធ្លាក់ចុះនៅត្រឹមតែ ១០២,៥ពិន្ទុ ប៉ុណ្ណោះ។ ការថយចុះប្រចាំខែជាប់គ្នាលើកទីបីនេះ បានរុញសន្ទស្សន៍ដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក៕