លោកប្រធានាធិបតី Donald Trump បានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ បន្ទាប់ពីលោកបានជួបកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងខួបលើកទីបីនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែមេដឹកនាំបារាំងបានព្រមានថា វាសំខាន់ណាស់ដែលកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ណាមួយជាមួយក្រុងមូស្គូ ពុំមានទំហំគ្រប់គ្រាន់អាចបង្ខំឲ្យអ៊ុយក្រែនចុះចាញ់។

កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរកើតឡើងនៅពេលនៃភាពមិនច្បាស់លាស់យ៉ាងខ្លាំងអំពីអនាគតនៃទំនាក់ទំនងឆ្លងអាត្លង់ទិក ដោយលោក Trump ផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិក និងកែសម្រួលការដឹកនាំរបស់អឺរ៉ុបប្រកបដោយប្រសិទ្ធភាព ខណៈលោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងលោក Macron និងលោក Trump បានជួបសន្ទនានៅសេតវិមាន ប្រទេសទាំងពីរ គឺជាក្បាលម៉ាស៊ីននៅអង្គការសហប្រជាជាតិ ជុំវិញសេចក្ដីសម្រេចដែលហៅប្រទេសរុស្ស៊ី ថាជាអ្នកលុកលុយបង្កសង្រ្គាម។

ក្នុងការអត្ថាធិប្បាយអំពីស្ថានភាពនៃជម្លោះ លោក Trump បាននិយាយថាលោកជឿថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទទួលយកកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបនៅក្នុងអ៊ុយក្រែន។ហើយលោក Trump និយាយថាលោកសង្ឃឹមថាសង្រ្គាមអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងមកសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលផ្តល់ឱ្យអាមេរិកនូវលទ្ធភាពទទួលបានរ៉ែធម្មជាតិសំខាន់ៗរបស់អ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ក្នុងបច្ចេកវិទ្យាសំខាន់ៗ៕