បេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយកាលពីថ្ងៃអង្គារ (២៥ កុម្ភៈ) ថា តំណាងអ៊ីស្រាអែល កំពុងធ្វើដំណើរទៅចូលរួមកិច្ចពិភាក្សាដំណាក់កាលទីពីរនៃបទឈប់បាញ់តំបន់ហ្កាហ្សា បន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន និងសាកសពចំណាប់ថ្នូរអ៊ីស្រាអែល ដោយបញ្ជាក់ម្តងទៀតថា លោកក៏ត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅតំបន់នេះផងដែរដើម្បីជំរុញការទូត។

លោក Witkoff បានប្រាប់ព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់គណៈកម្មាធិការជនជាតិជ្វីហ្វអាមេរិកថា “ស្ថានការណ៍កំពុងរីកចម្រើនច្រើន ហើយកិច្ចចរចានោះអាចធ្វើឡើងនៅទីក្រុងដូហា ឬនៅទីក្រុងគែរ ជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា"។

អ្នកសម្របសម្រួលនិយាយថា ពួកគេរកបានដំណោះស្រាយលើការផ្លាស់ប្តូរចំណាប់ថ្នូរ និងអ្នកទោស ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានកំណត់ថានឹងបញ្ចប់នៅថ្ងៃទី០១ ខែមីនា ខាងមុខនេះ បន្ទាប់ពីការចោទដាក់គ្នាយ៉ាងតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោក Witkoff លើកឡើងថា ការផ្តោតសំខាន់នៃកិច្ចពិភាក្សាថ្មីគឺនេះ "ដាក់ដំណាក់កាលទី២ និងលទ្ធភាពខ្ពស់នៃការដោះលែងចំណាប់ថ្នូរបន្ថែមមួយចំនួន"។ លោកបន្ថែមថា លោកអាចនឹងទៅចូលរួមកិច្ចចរចានោះនៅថ្ងៃទី០២ មីនា ប្រសិនបើ "គ្រប់យ៉ាងដំណើរការល្អ"៕