ក្រសួងអប់រំនៅដែនដីហ្កាហ្សា បានចាប់ផ្តើមឆ្នាំសិក្សាថ្មីជាផ្លូវការ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្តារប្រក្រតីភាពជាថ្មី និងការផ្តល់ឱ្យកុមារនូវការអប់រំដែលពួកគេត្រូវការ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមជិត ១៦ខែ ដែលបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣។

តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសម្អាតកម្ទេចថ្ម និងរៀបចំថ្នាក់រៀន ពន្លឺនៃប្រក្រតីភាពបានវិលត្រឡប់ទៅតំបន់ហ្កាហ្សា នៅពេលដែលសាលារៀនជាច្រើនកន្លែងបានបើកដំណើរការឡើងវិញ ដោយស្វាគមន៍ការវិលត្រឡប់របស់សិស្សានុសិស្ស ជាលើកដំបូងចាប់តាំងពីសង្គ្រាមបានបំផ្លាញជីវិតរបស់ពួកគេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននៅទីក្រុងហ្កាហ្សា អាជ្ញាធរបានប្រកាសថា សិស្សរាប់សែននាក់កំពុងចូលរៀនវិញនៅក្នុងសាលារៀនមួយចំនួនដែលនៅសេសសល់ពីតួលេខជិត ៩០% ដែលត្រូវបានបំផ្លាញដោយសកម្មភាពយោធាអ៊ីស្រាអែល។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អាជ្ញាធរបានបង្កើតតង់សម្រាប់ធ្វើជាបន្ទប់រៀនបណ្ដោះអាសន្ន។

សិស្សានុសិស្សបានត្រឡប់ទៅសាលារៀនវិញដោយពុំមានឯកសណ្ឋាន ឬសៀវភៅសិក្សា ដោយសារកាលៈទេសៈដ៏តានតឹង រួមទាំងការរឹតបន្តឹងរបស់អ៊ីស្រាអែល នៅច្រកឆ្លងកាត់ហ្កាហ្សា។ ក្រុមគ្រួសារជាច្រើនដែលរងទុក្ខវេទនាដោយសារឥទ្ធិពលនៃសង្រ្គាម បានសម្រុកទៅចុះឈ្មោះចូលរៀនឱ្យកូនៗរបស់ពួកគេ បើទោះបីជាមានស្ថានភាពមិនទាន់ធូរស្រាលទាំងស្រុងក៏ដោយ៕