ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកការចាក់បញ្ចាំងខ្សែភាពយន្ត នៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ក្រោមប្រធានបទ អាស៊ី-អឺរ៉ុប៖ ចំណងវប្បធម៌ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ទោះបីត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា កម្មវិធីចាក់បញ្ចាំងភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពអឺរ៉ុប មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនាពេលនេះ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ គឺដើម្បីចូលរួមលើកស្ទួយទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រជាជន និងប្រជាជន នៃទ្វីបទាំង២ អាស៊ី និងអឺរ៉ុប ពិសេសបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងជីវភាពរស់នៅ ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប។
ភាពយន្តដែលបានដាក់ស្នើសុំចាក់បញ្ចាំងក្នុងមហោស្រពនេះ គឺសុទ្ធសឹងតែជាស្នាដៃភាពយន្តដែលផលិតរួមគ្នារវាងផលិតករអាស៊ី និងអឺរ៉ុប (សហផលិតកម្ម) ឬជាស្នាដៃភាពយន្តដែលមានខ្លឹមសារបង្ហាញពីទំនាក់ទំនងរវាងអាស៊ី និងអឺរ៉ុប ព្រមទាំងទទួលបានជោគជ័យលើឆាកអន្តរជាតិ។
លោក បានបន្ថែមទៀតថា ភាពយន្តទាំង០៤ចំណងជើង នោះរួមមាន៖ ១. ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការផលិតរវាងកម្ពុជា បារាំង និងប៊ែលហ្សិក។ ភាពយន្តនេះដឹកនាំរឿងដោយលោកRégisWargnierជនជាតិបារាំង។ ២. ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជានិងបារាំង ។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿងកង្វះរូបភាពនេះ ទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ក្នុងនោះពានរង្វាន់ Un Certain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។ ៣. ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះ ដឹកនាំរឿងដោយលោក ÉrickZoncaជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា"ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុត" ក្នុងកម្មវិធីពានរង្វាន់ InternationalEmmy Awards។ ៤. ភាពយន្តរឿង ដុំហ្វីលចុងក្រោយ (The Last Reels) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មហនុមាន ដឹកនាំរឿងដោយ លោកស្រី សុទ្ធោ កូលីកា និងនិពន្ធដោយលោកIan Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុងក្រោយទទួលបានពានរង្វាន់«Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុននៅក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូឆ្នាំ២០១៤។
ជាពិសេសនៅក្នុងព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបនេះដែរ ភាពយន្តកម្ពុជាមួយចំណងជើងទៀត គឺរឿង ប៊ូឌីញស (White Building) ក៏បានធ្វើការចាក់បញ្ចាំងនៅក្រុងព្រុចសែល ប្រទេសប៊ែលសហ្សិក ក្នុងកម្មវិធី Curtain Raiser កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅផងដែរ។ ភាពយន្តរឿងប៊ូឌីញស ដែលនិពន្ធ និងដឹកនាំរឿងដោយលោក នាង កាវិច ផលិតក្នុងឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ទទួលបានពានរង្វាន់តួសម្តែងបុរសឆ្នើម ក្នុងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណសហភាពអឺរ៉ុប មូលនិធីអាស៊ី-អឺរ៉ុប សម្រាប់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ និងសូមថ្លែងអំណរគុណដល់លោក លោកស្រីផលិតករនៃភាពយន្តទាំងអស់ខាងលើដែលចូលរួមផ្តល់កិច្ចសហការផ្តល់ស្នាដៃភាពយន្តសម្រាប់ចូលរួមក្នុងកម្មវិធីនេះ។
ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណចំពោះរោងភាពយន្តLegend Cinema រោងភាពយន្ត Prime Cineplex ដែលបានចូលរួមសហការផ្សព្វផ្សាយ ។ ជាពិសេសរោងភាពយន្តMajor Cineplex by Smart ដែលបានគាំទ្រផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីនាឱកាសនេះ និងសម្រាប់ការចាក់បញ្ចាំងនាថ្ងៃបន្តបន្ទាប់៕
អត្ថបទ រដ្ឋា







