ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាកិច្ចព្រមព្រៀងដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិកលើធនធានធម្មជាតិរបស់ខ្លួនគឺជា "ក្របខ័ណ្ឌ" ហើយលោកចង់ពិភាក្សាអំពីទំនាក់ទំនងរបស់ប្រទេសលោកបន្ថែមទៀតដោយផ្ទាល់ជាមួយប្រធានាធិបតីលោក Donald Trump ខណៈសេចក្តីព្រាងនៃអត្ថបទដែលទទួលបានដោយទូរទស្សន៍ CNN បង្ហាញថា"ក្របខ័ណ្ឌ" នោះពុំបានផ្តល់ការធានាសន្តិសុខច្បាស់លាស់ដល់ទីក្រុង Kyiv នោះទេ។

ខណៈលោក Trump ងាកទៅរកការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី ឲ្យបានឆាប់រហ័ស និងប្រមូលមកវិញនូវជំនួយហិរញ្ញវត្ថុមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនដល់ទីក្រុង Kyiv លោក Zelensky សង្ឃឹមថាកិច្ចព្រមព្រៀងធនធានធម្មជាតិនោះអាចទទួលបានការគាំទ្រនាពេលអនាគតរបស់ប្រធានាធិបតីអាមេរិក ក៏ដូចជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ។

ប៉ុន្តែសេចក្តីព្រាងនៃអត្ថបទ ទទួលបានដោយCNN គិតត្រឹមព្រឹកថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក "គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទទួលបានការធានាសន្តិសុខក្នុងការបង្កើតសន្តិភាពយូរអង្វែង ដោយពុំមានការប្តេជ្ញាចិត្តច្បាស់លាស់។

នៅក្នុងសន្និសិទសារព័ត៌មាននៅទីក្រុង Kyiv លោក Zelensky បានទទួលស្គាល់ថា កិច្ចព្រមព្រៀងនេះមិនមាន "ជំហានជាក់ស្តែងលើការធានាសន្តិសុខ" ទេ ព្រោះវាចាំបាច់ត្រូវតែសម្រេចរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាកិច្ចព្រមព្រៀងនេះ អាចជា "ជោគជ័យធំ" ប៉ុន្តែបានសង្កត់ធ្ងន់ថាវាគ្រាន់តែផ្តល់នូវ"ក្របខ័ណ្ឌ" ដែលអាចជា "ផ្នែកនៃការធានាសន្តិសុខនាពេលអនាគត" ជាមួយក្ដី សង្ឃឹមថានឹងពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំដែលបានរំពឹងទុករបស់លោកជាមួយលោក Trump៕