ទាំងរុស្ស៊ី និងអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធ (២៦ កុម្ភៈ) ថា កងកម្លាំងរបស់ពួកគេបានបាញ់ទម្លាក់យានដ្រូនប្រមាណជាង ១០០គ្រឿង ដែលភាគីជម្លោះទាំងពីរបានបាញ់ដាក់គ្នាទៅមក ខណៈការប្រយុទ្ធគ្នាបានកើនឡើងកាន់តែខ្លាំងក្លានៅទូទាំងសមរភូមិមុខជាច្រើន។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ចាប់តាំងពីយប់ថ្ងៃអង្គារ ដល់ថ្ងៃពុធ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនប្រហែល ១២៨គ្រឿង។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និយាយថានេះជាការវាយប្រហារយានដ្រូនដ៏ធំបំផុតពីអ៊ុយក្រែន ទល់នឹងរុស្ស៊ីនៅឆ្នាំនេះ។

ក្រសួងក៏និយាយផងដែរថា កងកម្លាំងរុស្ស៊ី បានវាយបកលើការវាយប្រហារជាច្រើនលើករបស់កងទ័ពអ៊ុយក្រែន នៅក្រុង ខាគីវ (Kharkiv) ក្រុង អាវឌីអ៊ីវកា (Avdiivka) និង ដូណិត (Donetsk) នៅភាគខាងកើតអ៊ុយក្រែន និងកន្លែងផ្សេងទៀត ហើយបានបើកការវាយលុកទៅវិញជាច្រើនថ្ងៃកន្លងមកនេះ។

កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា ចាប់តាំងពីល្ងាចថ្ងៃអង្គារមក ទាហានរុស្ស៊ីបានបាញ់បង្ហោះយានដ្រូន ១៧៧គ្រឿង និងមីស៊ីល ៣គ្រាប់លើអ៊ុយក្រែន ហើយនៅព្រឹកថ្ងៃពុធ កងកម្លាំងអ៊ុយក្រែន អះអាងថាបានបាញ់ទម្លាក់យានដ្រូនប្រមាណ ១១០គ្រឿង។ ការវាយប្រហារទាំងនេះបានបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននៅទីតាំងនានា រួមទាំងរដ្ឋធានីគីវ និងក្រុងខាគីវ៕