ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រូបលោកគ្រោងនឹងវាយលុកទំនិញដែលផលិតនៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងការដំឡើងពន្ធ ២៥% ដោយអះអាងថា ប្លុកនេះត្រូវបានបង្កើតឡើងដើម្បី "បំផ្លាញសហរដ្ឋអាមេរិក"។

សហភាពអឺរ៉ុបគំរាមថា ខ្លួននឹងប្រតិកម្មសងសឹកយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗប្រឆាំងនឹងពន្ធមិនសមហេតុផលណាមួយ។
នៅក្នុងការបង្ហាញខ្លួនជាមួយសមាជិកគណៈរដ្ឋមន្ត្រី លោក Trump បានលើកឡើងថា "អាមេរិកនឹងប្រកាសពន្ធនោះឆាប់ៗ ដោយជាទូទៅនឹងមាន ២៥% ហើយអាចដាក់ទៅលើរថយន្ត និងអ្វីៗផ្សេងទៀតទាំងអស់"។

លោក Trump បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃពុធថា ពាណិជ្ជកម្មជាមួយអឺរ៉ុបក៏នៅតែស្ថិតក្រោមការតាមដានរបស់លោកផងដែរ ដោយរិះគន់ឡើងវិញនូវគោលនយោបាយអឺរ៉ុប ដែលលោកនិយាយថា បានធ្វើឱ្យអ្នកនាំចេញផលិតផលអាហារ និងរថយន្តរបស់អាមេរិក ជួបគុណវិបត្តិ។
សហភាពអឺរ៉ុប បានច្រានចោលការអះអាងរបស់ប្រធានាធិបតីរូបនេះ ដោយនិយាយថា ការបង្កើតទីផ្សារក្នុងតំបន់ បានធ្វើឱ្យការធ្វើអាជីវកម្មនៅអឺរ៉ុប មានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនអាមេរិក។ លោក Trump បានប្តេជ្ញាថា នឹងប្រើប្រាស់ការយកពន្ធនេះ ដើម្បីជំរុញការផលិតរបស់អាមេរិក រៃអង្គាសប្រាក់ និងជំរុញប្រទេសផ្សេងទៀតឱ្យផ្លាស់ប្តូរគោលនយោបាយដែលលោកមិនពេញចិត្ត៕