យោធារបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ បានបញ្ចេញវីដេអូនៃនាវាចម្បាំង «ជាច្រើនគ្រឿង» កំពុងធ្វើសមយុទ្ធនៅទីតាំងដែលពុំត្រូវបានបង្ហាញ នៅសមុទ្រ។

ទីបញ្ជាការតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជន (PLA) បាននិយាយថា សមយុទ្ធ «ថ្មីៗនេះ» គឺជាការហ្វឹកហ្វឺនកម្រិតខ្ពស់ ទាំងយប់ទាំងថ្ងៃ ប្រធានបទចម្រុះ និងការហ្វឹកហាត់តម្រង់ទិសប្រយុទ្ធ។

រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ បាននិយាយថា លោកមានការព្រួយបារម្ភជុំវិញសមយុទ្ធបាញ់គ្រាប់ពិតរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះនៅសមុទ្រ Tasman ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសចិន កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ។
លោក Winston Peters បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងអនុប្រធានាធិបតី លោក Han Zheng ថា បញ្ហានេះគឺកង្វះការជូនដំណឹងដល់ប្រទេសនូវែលហ្សេឡង់ ជុំវិញសមយុទ្ធយោធានៅឆ្នេរសមុទ្ររបស់ខ្លួន។