ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ចំហេះព្រៃនៅក្នុងខេត្ត Iwate ប្រទេសជប៉ុនភាគឦសាន បានបំផ្លាញអគារលំនៅឋានយ៉ាងហោចណាស់៨៤ខ្នង ដែលបណ្តាលឱ្យមានបទបញ្ជាជម្លៀសប្រជាជនជាង២.០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ជុំវិញនោះ។

ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា អគ្គិភ័យដែលបានចាប់ផ្តើមនៅក្នុងស្រុក Akasakicho នៃទីក្រុង Ofunato កាលពីរសៀលថ្ងៃពុធ ពុំទាន់ត្រូវបានទប់ស្កាត់បាននៅឡើយទេ ហើយអាជ្ញាធរក្នុងតំបន់បាននិយាយថាផ្សែងបានហុយចេញពីតំបន់ផ្សេងៗទៀត។

យោងតាមរដ្ឋាភិបាលក្រុង Ofunato បានឲ្យដឹងថា គិតត្រឹមម៉ោង ១០:៤០ យប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃពុធ អគ្គិភ័យត្រូវបានគេជឿថា បានបំផ្លាញអគារលំនៅឋានយ៉ាងហោចណាស់៨៤ខ្នង ហើយមនុស្ស ៥៨៤នាក់ ត្រូវបាននាំទៅកាន់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលជម្លៀស ប៉ុន្តែពុំមានរបាយការណ៍ពីអ្នករងរបួសនោះទេ។
ក្រុមមន្ត្រី បានចេញបទបញ្ជាជម្លៀស ដល់ប្រជាជន២.០៦០នាក់ ក្នុងគ្រួសារចំនួន៨៥០គ្រួសារ ក្នុងស្រុក Sanrikucho Ryori នៃទីក្រុង និង៥៤នាក់ក្នុង២៣គ្រួសារ នៅក្នុងស្រុក Attari របស់ប្រទេសជប៉ុន។