ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៍BTV តាមសារលេឡេក្រាមឲ្យដឹងថា ស្រូវប្រាំង ចំនួន២ម៉ឺន ៦ពាន់ ៨៥៧តោន ត្រូវបានពលរដ្ឋនៅក្នុងខេត្តធ្វើការប្រមូលទុកដាក់ជាបណ្តើរៗហើយ បន្ទាប់ពីក្រុមកសិករក្នុងស្រុក និងក្រុងមួយចំនួនក្នុងខេត្តបានចុះធ្វើការសាបព្រោះ បន្ទាប់ពីជំនន់ទឹកទន្លេ និងទឹកភ្លៀងបានស្រកស្រុតចុះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ និងដើមខែមករា ឆ្នាំ២០២៥កន្លងមក ។
លោកបានបន្តថានៅឆ្នាំនេះបើទោះជាតម្លៃស្រូវមានការចុះថោកបន្តិច រួមនិង សម្ភារៈកសិកម្ម ជី ពូជ ប្រេងឥន្ទនៈ និងកំរ៉ៃភ្ជួររាស់ ច្រូតកាត់មានតម្លៃថ្លៃ ក៏ពិតមែន តែកសិករដែលមានដីទំនាប និងដីជាប់ប្រពន្ធ័ធារាស្រ្ត លោកនៅតែធ្វើការងារបង្កបង្កើនផល លើសចំនួន៥ពាន់ហិចតា លើផែនការផលិតស្រូវប្រាំងប្រចាំឆ្នាំចំនួនតែ២ម៉ឺន ៥០០ហិចតា ស្មើនិង១៣៧%ដោយទទួលបានទិន្នផលគិតជាមធ្យមក្នុងមួយហិចតាជាង៤តោន។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានបន្តថា ទន្ទឹមនិងក្រុមកសិករធ្វើការងារប្រមូលផលស្រូវប្រាំង នូវមានក្រុមកសិករដែលមានដីខ្ពស់និងដីសេសសល់ពីការធ្វើស្រែ បាននិងកំពុងតែធ្វើការប្រមូលផលអំពៅស្ករ ដែលក្រុមកសិករដាំនៅក្នុងរដូវវស្សាកន្លងមកចំនួនជាង៥ពាន់ហិចតាដែរ ដោយធ្វើការនាំចេញ ទៅកាន់ទីផ្សារវៀតណាមចំនួន១ពាន់ ៨២១តោន ដែលមានតម្លៃក្នុង១តោនជាង១៤ម៉ឺនរៀល ។ ដោយ ៖ ភា សារិទ្ធ



