ចំនួនមនុស្សដ៏ច្រើនណែនណាន់តាន់តាប់ ត្រូវបានគេឃើញនៅភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) សម្រាប់ថ្ងៃចុងក្រោយនៃពិធីបុណ្យរយៈពេល ៦សប្តាហ៍ គឺ Maha Kumbh Mela (មហា កុម្ភ មេលា) ដោយបាននាំឲ្យចំនួនមនុស្សសរុបឡើងដល់ ៦៦៣លាននាក់ដែលកំពុងស្វែងរកការលាងជម្រះអំពើបាបអកុសលរបស់ពួកគេ ដោយការមុជទៅក្នុងទឹកដែលអ្នកគោរពបូជាសាសនាហិណ្ឌូចាត់ទុកថា មានភាពបរិសុទ្ធ។
រូបភាពពីទូរទស្សន៍ បានបង្ហាញឲ្យឃើញមន្ត្រីសន្តិសុខដែលកំពុងព្យាយាមប្រាប់អ្នកចូលរួមរាប់ពាន់នាក់ នៅជុំវិញរបាំងនានា នៅឯទីប្រជុំជនបណ្តោះអាសន្នដែលត្រូវបានបង្កើតឡើងក្នុងទីក្រុង Prayagraj ក្បែរច្រាំងទន្លេ ជាកន្លែងដែលទន្លេដ៏ពិសិដ្ឋចំនួន ៣ ជួបប្រសព្វគ្នា។

អ្នកគោរពបូជាសាសនាម្នាក់ដែលបានប្រាប់តែឈ្មោះផ្ទាល់ខ្លួន គឺ Rahul បាននិយាយថា៖ «មានការប្រញាប់ប្រញាល់ខ្លាំងណាស់ ព្រោះវាជាថ្ងៃចុងក្រោយ សម្រាប់អ្នកកាន់សាសនាទាំងអស់ ដើម្បីមកមុជទឹក។ សូមអរគុណ ដែលយើងមានសំណាងល្អគ្រប់គ្រាន់ បានមុជទឹកដ៏បរិសុទ្ធ នៅថ្ងៃនេះ»។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានលើកតម្កើងពិធីបុណ្យ Maha Kumbh ឬ Great Pitcher Festival ដែលប្រារព្ធឡើងរៀងរាល់ ១២ឆ្នាំម្ដង ជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ ដែលបង្កើតបានកំណត់ត្រាពិភពលោក សម្រាប់ការប្រមូលផ្តុំមនុស្ស ក្នុងចំនួនដ៏ច្រើនបំផុត។
អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh ជាកន្លែងប្រារព្ធពិធីបុណ្យនេះ បានប្រាប់ថា ចំនួនមនុស្សរហូតដល់ ១៥,៣លាននាក់ បានទៅមុជទឹក កាលពីថ្ងៃពុធ ដោយធ្វើឲ្យតួលេខអ្នកចូលរួមប្រារព្ធពិធីបុណ្យសរុបមានដល់ទៅជាង ៦៦៣លាននាក់ ឬជិត ២ដងនៃចំនួនប្រជាជន នៅសហរដ្ឋអាមេរិក៕


