ជនប៉ាឡេស្ទីន បានជម្លៀសខ្លួនចេញពីជំរំជនភៀសខ្លួន Nur Shams ពេលដែលអ៊ីស្រាអែលត្រៀមបើកប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់វ៉េសប៊ែង ។
ពលរដ្ឋរស់នៅក្នុងជំរំមួយនេះ និយាយថា ពួកគេត្រូវបានគេនិយាយប្រាប់ឲ្យចាកចេញ ដោយសារបទបញ្ជាការកម្ទេចជំរំ ។
លោក Amjad Mahmoud Jabali គឺជាពលរដ្ឋរស់នៅក្នុងជំរំ Nur Shams និយាយថា ឈ្មោះរបស់ពួកយើងត្រូវបានបញ្ជាក់នៅក្នុងបទបញ្ជាកម្ទេចកាលពីថ្ងៃម្សិលមិញ ។ ពួកយើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ។
អ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលទៅកាន់តំបន់វ៉េសប៊ែងជាលើកដំបូងក្នុងរយៈពេលជា ២ទសវត្សរ៍កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយនិងបានបញ្ជាឲ្យយោធាត្រៀមបន្តស្នាក់នៅទីនោះរយៈពេលយូរ ដើម្បីប្រយុទ្ធជាមួយក្រុមជីវពលប៉ាឡេស្ទីន នៅក្នុងជំរំជនភៀសខ្លួន ។
សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅទីក្រុង Tulkarmនិងទីក្រុងជិតខាង Jenin ស្ថិតនៅភាគខាងជើងតំបន់វ៉េសប៊ែង ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេ ពោលគឺរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេល ១៥ខែ ៕