អាមេរិក៖ ក្រុមមន្ត្រីប្រចាំរដ្ឋ Wisconsin សហរដ្ឋអាមេរិកនឹងស្វែងរកការចោទប្រកាន់លើអ្នកបើកបររថយន្តម្នាក់ ដែលបានបើកបំបុកចូលទៅក្នុងក្បួនដង្ហែបុណ្យណូអែលកាលពីថ្ងៃអាទិត្យ ជាមួយនឹងករណីមនុស្សឃាតដោយចេតនាចំនួន ៥។ នគរបាលបាននិយាយថា ជនសង្ស័យឈ្មោះ Darrell Edward Brooks Jr អាយុ ៣៩ឆ្នាំបានសម្លាប់មនុស្ស ៥នាក់ដែលមានអាយុចន្លោះពី ៥២ ទៅ ៨១ឆ្នាំ និងរបួស ៤៨នាក់រួមទាំងកុមារតូចៗនៅទីក្រុង Waukesha។

ពួកគេបាននិយាយថា លោក Brooks កំពុងរត់គេចពីការរំខានក្នុងស្រុក នៅពេលដែលរូបគេបានបើករថយន្តចូលទៅក្នុងហ្វូងមនុស្ស។ ពួកគេបានបន្ថែមថា សង្ស័យរូបនេះអាចប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត ដោយផ្អែកលើការស៊ើបអង្កេតរបស់ពួកគេ។ នគរបាលទីក្រុង Waukesha ក៏បាននិយាយថា ឧបទ្ទវហេតុនេះមិនមែនជាអំពើភេរវកម្មទេ។ កុមារ និងជីដូនជីតាជាច្រើននាក់របស់ពួកគេស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ មនុស្សរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នគរបាលបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ចំនួន ៦ ដោយក្រុមអ្នកឆ្លើយតបដំបូង ក៏ដូចជាអ្នកស្រុកផ្សេងទៀតដែលនៅក្នុងក្បួនដង្ហែនោះ។ មន្ទីរពេទ្យកុមារ Children's Wisconsin បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា កុមារចំនួន ១៨នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីឧបទ្ទវហេតុនេះ៕
អត្ថបទ៖ សុខមាន