ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៥៩នាក់ ត្រូវបាននិរទេសដោយស្ម័គ្រចិត្ត ពីប្រទេសលីប៊ី ទៅកាន់ប្រទេសនីហ្សេរីយ៉ា ក្នុងសប្តាហ៍នេះ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ ជនអន្តោប្រវេសន៍ «បានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពពីទីក្រុង Benghaziនៃប្រទេសលីប៊ី ទៅកាន់ទីក្រុង Lagos ប្រទេសនីហ្សេយ៉ា ក្នុងសប្តាហ៍នេះ តាមរយៈកម្មវិធី VHR របស់ IOM ដោយមានការគាំទ្រពីមូលនិធិសហភាពអឺរ៉ុប ដោយសំដៅដល់កម្មវិធីការវិលត្រឡប់ និងសមាហរណកម្មមនុស្សធម៌ដោយស្ម័គ្រចិត្តរបស់ខ្លួន ដែលគាំទ្រជនអន្តោប្រវេសន៍ឲ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេដោយស្ម័គ្រចិត្ត។
អង្គការ IOM បាននិយាយថា៖«ដោយអរគុណដល់ម្ចាស់ជំនួយរបស់យើង សហភាពអឺរ៉ុប អ៊ីតាលី ន័រវែស និងដាណឺម៉ាក ក្នុងឆ្នាំ ២០២៤ ជនចំណាកស្រុកជាង ១៦.២០៧ នាក់ បានទទួលការគាំទ្រយ៉ាងសំខាន់ដើម្បីត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ»។
ដោយសារតែភាពអសន្តិសុខ និងចលាចលជាបន្តបន្ទាប់ បន្ទាប់ពីការដួលរលំនៃអតីតមេដឹកនាំ លោក Muammar Gaddafi ក្នុងឆ្នាំ ២០១១ ប្រទេសលីប៊ី បានក្លាយទៅជាកន្លែងចាកចេញជាទីពេញចិត្តសម្រាប់ជនអន្តោប្រវេសជាច្រើន ជាពិសេសមកពីទ្វីបអាហ្រ្វិក ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដើម្បីទៅដល់អឺរ៉ុប។
រហូតមកដល់ពេលនេះ ជនចំណាកស្រុក ៣.៨៥៥នាក់ ត្រូវស្ទាក់ចាប់បាន នៅសមុទ្រ ហើយត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលជនអន្តោប្រវេសន៍ ៧៥នាក់ បានស្លាប់នៅលើផ្លូវសមុទ្រមេឌីទែរ៉ាណេ កណ្តាល។ នេះបើយោងតាមអង្គការ IOM។