ក្រុមអ្នកជួយសង្គ្រោះនៅក្នុងរដ្ឋ Uttarakhand ដែលរងគ្រោះដោយការបាក់ផ្ទាំងទឹកកកនៅប្រទេសឥណ្ឌា បានបញ្ចប់ប្រតិបត្តិការ ខណៈពួកគេបានទាញយកសាកសពកម្មករ៤នាក់បន្ថែមទៀតពីគំនរកម្ទេចកម្ទីរកាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៨នាក់ ។

ចៅក្រមតំបន់ Chamoli លោក Sandeep Tiwari បាននិយាយថា ក្នុងចំណោមកម្មករ៥៤នាក់ដែលបានជាប់នៅក្រោមព្រិល មនុស្ស៤៦នាក់ត្រូវបានជួយសង្គ្រោះ និង៨នាក់បានស្លាប់។

ការបាក់ផ្ទាំងទឹកកកនេះ បានកើតឡើងនៅជិតផ្លូវហាយវ៉េក្នុងតំបន់ Chamoli របស់រដ្ឋ ជាប់នឹងតំបន់ទីបេ និងមានចម្ងាយមិនដល់៥ គីឡូម៉ែត្រ ពីប្រាសាទហិណ្ឌូ Badrinath ដែលមានអ្នកប្រតិបត្តិសាសនារាប់រយពាន់នាក់ មកទស្សនាជារៀងរាល់ឆ្នាំ។
រដ្ឋ Uttarakhand ដែលមានទីតាំងនៅតំបន់ភ្នំហិម៉ាឡៃ ងាយនឹងកើតមានទឹកជំនន់ និងបំណាក់ដីកាន់តែខ្លាំងឡើង ដោយសារតែការកើនឡើងនៃសីតុណ្ហភាពពិភពលោក ហើយអ្នកបរិស្ថាន បានជំរុញឱ្យពិនិត្យឡើងវិញនូវគម្រោងថាមពល និងការងារអភិវឌ្ឍន៍ផ្សេងទៀតនៅទីនោះ។