ក្រុមឃ្លាំមើលឯកជនភាពរបស់ចក្រភពអង់គ្លេស ដែលជាការិយាល័យស្នងការព័ត៌មាន នៅថ្ងៃចន្ទ (០៣ មីនា) នេះ បានចាប់ផ្តើមការស៊ើបអង្កេតមួយដើម្បីពិនិត្យមើលវិធីសាស្រ្តដែលបណ្ដាញសង្គម TikTok និង Reddit រួមទាំងគេហទំព័រចែករំលែករូបភាពតាមអ៊ីនធឺណិត Imgur បានប្រើប្រាស់ដើម្បីការពារភាពឯកជនរបស់កុមារ។

បណ្ដាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រើប្រព័ន្ធដ៏ស្មុគស្មាញដើម្បីកំណត់អាទិភាពមាតិកា និងរក្សាអ្នកប្រើប្រាស់ឱ្យចូលរួម។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថាពួកគេពង្រីកមាតិកាស្រដៀងគ្នា អាចនាំឱ្យកុមាររងឥទ្ធិពល ដោយការបង្កើនបរិមាណនៃមាតិការគ្រោះថ្នាក់លើបណ្ដាញសង្គម។

ក្រុមឃ្លាំមើលអង់គ្លេសនិយាយថា ខ្លួនកំពុងស៊ើបអង្កេតថាតើវេទិកាវីដេអូខ្លី TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅចិន ByteDance ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ក្មេងអាយុ ១៣-១៧ឆ្នាំ ដើម្បីណែនាំមាតិកាឱ្យពួកគេដោយរបបៀបណា។ អង្គភាពនេះបន្ថែមថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Reddit និង Imgur ក៏កំពុងត្រូវបានស៊ើបអង្កេតលើបញ្ហាស្រដៀងគ្នានេះផងដែរ។
កន្លងមក ចក្រភពអង់គ្លេស បានអនុម័តច្បាប់ដែលកំណត់ច្បាប់យ៉ាងតឹងរ៉ឹងសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងសេចក្ដីណែនាំឱ្យពួកគេការពារកុមារពីការចូលប្រើខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងមិនសមស្របតាមអាយុ ដោយការអនុវត្តការកំណត់អាយុ និងវិធានការត្រួតពិនិត្យអាយុជាដើម៕