ឆ្នេរសមុទ្រនៅភាគខាងកើតរបស់ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងការកើនឡើងដ៏ធំនៃជំនោរ ភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្រ្តាក់ និងទឹកជំនន់ធ្ងន់ធ្ងរ ខណៈព្យុះស៊ីក្លូនឈ្មោះថា Alfred ត្រូវបានគេរំពឹងថានឹងបោកបក់ឆ្ពោះទៅកាន់ទីក្រុងធំបំផុតទីបីរបស់ប្រទេសនេះ។

ព្យុះស៊ីក្លូនប្រភេទទីពីរ Alfred បច្ចុប្បន្នមានចម្ងាយប្រហែល ៤៦៥គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Brisbane នេះបើយោងតាមការិយាល័យឧតុនិយម ហើយត្រូវបានរំពឹងថានឹងបត់ទៅទិសខាងលិចចាប់ពីថ្ងៃអង្គារ (០៤ មីនា) ស្អែកនេះ ខណៈនឹងវាយបក់ដល់ដីគោកពីលើទីក្រុងនោះនៅថ្ងៃទី០៦ ខែមីនា មុនពេលធ្លាក់ចុះកម្លាំងយ៉ាងឆាប់រហ័ស។

ការិយាល័យឧតុនិយមនិយាយថា "គ្រោះថ្នាក់ធ្ងន់ធ្ងរនៅឆ្នេរសមុទ្រ ទំនងជាកើតឡើងនៅភាគខាងត្បូងរដ្ឋ Queensland និងភាគខាងជើងនៃតំបន់ឆ្នេរ New South Wales"។
ព្យុះ Alfred នឹងក្លាយជាព្យុះត្រូពិកដំបូងបង្អស់ដែលជះឥទ្ធិពលដល់ទីក្រុង Brisbane ចាប់តាំងពីឆ្នាំ២០១៧ មក នៅពេលដែលសំណល់នៃព្យុះស៊ីក្លូន Debbie ដ៏បំផ្លិចបំផ្លាញនៅភាគខាងជើងនៃរដ្ឋ Queensland បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ទៅកាន់តំបន់នោះ៕
