ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា កងកម្លាំងនៃអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានដាក់ពង្រាយ នៅតំបន់ជាយក្រុងដាម៉ាស ( Damascus) បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ ជាមួយខ្មាន់កាំភ្លើងកាន់សាសនា Druze ចំពេលមានភាពតានតឹង បន្ទាប់ពីការទាមទាររបស់អ៊ីស្រាអែល ដើម្បីការពារក្រុមជនជាតិភាគតិច។
ទីក្រុង Jaramana ជារដ្ឋធានីដែលប្រជាជនភាគច្រើនកាន់សាសនា Druze និង គ្រិស្តសាសនា បានឃើញការបាញ់ប្រហារយ៉ាងព្រៃផ្សៃ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ កាលពីថ្ងៃសុក្រ បានកើតឡើង មួយថ្ងៃក្រោយពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើងក្នុងតំបន់ ដែលមានភារកិច្ចការពារតំបន់នេះ។ នេះបើយោងតាមក្រុមឃ្លាំមើលសង្គ្រាម។
កាលពីថ្ងៃអាទិត្យ ប្រធានសន្តិសុខក្នុងតំបន់លោក Hossam Tahhan បាននិយាយថា៖«កងកម្លាំងរបស់យើង បានចាប់ផ្តើមដាក់ពង្រាយ» នៅក្នុងទីក្រុង Jaramana ដើម្បីបញ្ចប់ «ភាពវឹកវរ និងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ដោយក្រុមឧក្រិដ្ឋជន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA ។
លោកបានប្តេជ្ញាថា នឹងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធ ក្នុងការសម្លាប់បុគ្គលិកក្រសួងការពារជាតិ កាលពីថ្ងៃសុក្រ នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ ដោយនិយាយថា ក្រុមពិរុទ្ធជនបាន «បដិសេធ» មិនប្រគល់ខ្លួនពួកគេ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា មនុស្សម្នាក់ទៀត ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ និង ៩នាក់ទៀត រងរបួស។
ការស្តារនិងការរក្សាសន្តិសុខនៅទូទាំងប្រទេសស៊ីរី នៅតែជាបញ្ហាប្រឈមដ៏តានតឹងបំផុតមួយ សម្រាប់អាជ្ញាធរថ្មី បន្ទាប់ពីលោក បាសា អាល់អាសាដ (Bashar Assad) ត្រូវបានផ្តួលរំលំ កាលពីខែធ្នូ។