កាសែត Mannheimer Morgen រាយការណ៍នៅថ្ងៃចន្ទនេះ ដោយលើកសម្តីក្រុមសាក្សីថា រថយន្តមួយគ្រឿង បានបើកបំបុកហ្វូងមនុស្សនៅទីក្រុងភាគខាងលិច Mannheim ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់ ។
នគរបាលក្នុងស្រុក និយាយថា ប្រិបត្តិការរបស់នគរបាល បានធ្វើឡើងនៅមជ្ឈមណ្ឌលទីក្រុង ដោយពួកគេពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
ឧបទ្ទេវហេតុនេះ បានកើតមានឡើង ខណៈហ្វូងមនុស្សជួបជុំគ្នានៅតាមបណ្តាទីក្រុងជាច្រើននៅទូទាំងតំបន់ រួមទាំងនៅតំបន់ Rhineland សម្រាប់ការដង្ហែរក្បួនប្រារព្ធរដូវកាលពិធីបុណ្យ ។
គេហទំព័រ Mannheim24 រាយការណ៍ថា រថយន្ត SUV ពណ៌ខ្មៅមួយគ្រឿង
បានបើកបន្ថែមល្បឿនបំបុកហ្វូងមនុស្ស ដែលធ្វើដំណើចេញពីទីលានចតុរង្គ Paradeplatz ឆ្ពោះទៅកាន់អាវទឹកប្រវត្តិសាស្រ្តអាល្លឺម៉ង់ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។
សូមបញ្ជាក់ថា សន្តិសុខបានក្លាយជាក្តីកង្វល់ធំនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីការវាយប្រហារហិង្សាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រួមទាំងហេតុរថយន្តបុកស្លាប់មនុស្សនៅទីក្រុង Magdeburg កាលពីខែធ្នូ និងនៅទីក្រុង Munich កាលពីខែមុន ក៏ដូចជាហេតុការណ៍ចាក់នៅទីក្រុង Mannheim កាលពីខែឧសភា ឆ្នាំ ២០២៤ ។
ក្រុមនគរបាល ស្ថិតក្រោមការប្រុងជើងការខ្ពស់ សម្រាប់ការដង្ហែរក្បួនក្នុងពិធីបុណ្យក្នុងឆ្នាំនេះ ក្រោយគណនីព័ត៌មានសង្គមពាក់ព័ន្ធនឹងក្រុមជីវពលរដ្ឋអ៊ិស្លាម អំពាវនាវឲ្យមានការវាយប្រហារលើព្រឹត្តការណ៍នៅទីក្រុង Cologne និងទីក្រុង Nuremberg ៕