ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅឯច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់ ដែលត្រូវបានបិទថ្មីៗនេះ រវាងប្រទេសទាំងពីរដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ទៀតរងរបួស។

ជម្លោះបានផ្ទុះឡើងនៅថ្ងៃធ្វើការដំបូងនៃខែបុណ្យរ៉ាម៉ាដានរបស់សាសនាឥស្លាម នៅពេលការនាំចូលអាហារពីប៉ាគីស្ថានជាធម្មតាឡើងថ្លៃខ្ពស់កប់ពពកក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមវិបត្តិមនុស្សធម៌ និងភាពអត់ឃ្លាន។ ការបិទច្រកព្រំដែន Torkham រយៈពេល ១០ ថ្ងៃបានធ្វើឲ្យរថយន្តរាប់ពាន់គ្រឿង ដែលផ្ទុកពេញទៅដោយទំនិញសំខាន់ៗជាប់គាំង។

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានគ្រប់គ្រងដោយតាលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ការបាញ់ប្រហារចុងក្រោយបានកើតឡើងនៅពេលយប់ជ្រៅ ហើយថាយុទ្ធជនតាលីបង់ម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតរងរបួស។ មន្ត្រីសន្តិសុខប៉ាគីស្ថានពីរនាក់ដែលនិយាយសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាសមាជិកនៃកងកម្លាំងសន្តិសុខប៉ាគីស្ថានមួយចំនួនបានរងរបួស។

ការិយាល័យបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ប្រទេសជិតខាងទាំងពីរមានទំនាក់ទំនងដ៏តានតឹង ដោយប៉ាគីស្ថានបាននិយាយថា ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជាច្រើនដែលបានកើតឡើងនៅទីនោះ បានចាប់ផ្តើមចេញពីទឹកដីអាហ្វហ្គានីស្ថាន ជាការចោទប្រកាន់ដែលក្រុមតាលីបង់បដិសេធ។ គួររម្លឹកថា យន្តហោះយោធាប៉ាគីស្ថានបានបើកការវាយប្រហារសម្លាប់មនុស្សរាប់សិបនាក់នៅលើទឹកដីអាហ្វហ្គានីស្ថានកាលពីខែធ្នូ៕