មនុស្សជាង១ពាន់នាក់បានប្រមូលផ្តុំគ្នា កាលពីថ្ងៃច័ន្ទ នៅខាងក្រៅការិយាល័យរដ្ឋបាលមហាសាគរសាស្ត្រ និងបរិយាកាសជាតិ(NOAA) នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីតវ៉ាការបណ្តេញបុគ្គលិកយ៉ាងច្រើន ក្នុងពេលមានសេចក្តីរាយការណ៍ថា មានការកាត់បុគ្គលិកសាធារណៈរបស់សហរដ្ឋអាមេរិក។

នៅទីក្រុង Silver Spring រដ្ឋMaryland ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្រោមពាក្យស្លោក «ជួយសង្គ្រោះការិយាល័យរដ្ឋបាលមហាសាគរសាស្ត្រនិងបរិយាកាសជាតិ (NOAA)!» ដោយអំពាវនាវឱ្យមានការចូលបម្រើការងារវិញរបស់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ។

អ្នកតវ៉ាម្នាក់ បាននិយាយថា «ការិយាល័យរដ្ឋបាលមហាសាគរសាស្ត្រនិងបរិយាកាសជាតិ (NOAA)» មានសារៈសំខាន់ ពីការធានាសុវត្ថិភាពនៃអាហារសមុទ្ររបស់យើង រហូតដល់ការផ្តល់ការព្យាករណ៍ពីព្យុះសង្ឃរាក្នុងការសង្គ្រោះជីវិត» ។ ទីភ្នាក់ងារនេះមានតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់យើង ហើយយើងត្រូវរក្សាទីភ្នាក់ងារឱ្យនៅរឹងមាំ។
អតីតបុគ្គលិកការិយាល័យរដ្ឋបាលមហាសាគរសាស្ត្រនិងបរិយាកាសជាតិ (NOAA) លោក Hendrick Simoes បានព្រមានអំពីផលវិបាកដ៏ទូលំទូលាយនៃការកាត់បុគ្គលិក។ លោកនិយាយថា ដោយការបញ្ឈប់ការងារទាំងនេះ យើងក្លាយជាសង្គមដែលមានសុវត្ថិភាពតិចជាងមុន ហើយយើងកាន់តែងាយរងគ្រោះទៅនឹងអាកាសធាតុមិនអំណោយផល។
ការបញ្ឈប់ការងារ បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកការិយាល័យរដ្ឋបាលមហាសាគរសាស្ត្រនិងបរិយាកាសជាតិ (NOAA) រាប់រយនាក់កាលពីសប្តាហ៍មុន ដែលបានកើតឡើងនៅពេលដែលទីភ្នាក់ងារនេះ បន្តផ្តល់ការព្យាករណ៍អាកាសធាតុសំខាន់ៗ និងការព្រមានអំពីព្យុះសង្ឃរា សម្រាប់ប្រទេស។