អាជ្ញាធរក្នុងប្រទេសទុយនីស៊ី បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ៦៤នាក់ ត្រូវបានជួយសង្គ្រោះចេញពីទូក ដែលបានលិចនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតរបស់ប្រទេសនេះ បន្ទាប់ពីអស់ប្រេង ឥន្ធនៈ។

ទីភ្នាក់ងារគយជាតិរបស់ប្រទេសនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមល្បាតដែនសមុទ្រ ដែលត្រូវបានបញ្ជូនទៅកាន់ទូកដែលលិចនោះ បានជួយសង្គ្រោះមនុស្សចំនួន ៦៤នាក់ ដែលមានជាតិសាសន៍ផ្សេងៗគ្នា នៅឯឆ្នេរសមុទ្រ Mahdia កាលពីល្ងាចថ្ងៃសុក្រ។ ពុំមានអ្នកស្លាប់ ត្រូវបានរាយការណ៍ទេ។
ទីភ្នាក់ងារគយ បាននិយាយថា៖«ជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះនោះ កំពុងព្យាយាមឆ្លងតាមទូក ឆ្ពោះទៅកាន់តំបន់អឺរ៉ុបដោយខុសច្បាប់»។

ការរកឃើញដំបូងនៃការស៊ើបអង្កេត បង្ហាញថា ជនអន្តោប្រវេសន៍ទាំងអស់ បានចាកចេញពីប្រទេសជិតខាងដែលមិនបញ្ចេញឈ្មោះ ដែលទំនងជាប្រទេសលីប៊ី។
ពួកគេ ត្រូវបានគេនាំទៅកាន់កំពង់ផែ Chebba មានចម្ងាយ ៦០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Sfax សម្រាប់ការស៊ើបអង្កេតបន្ត។
យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ( UNHCR) បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង ៣០.0000នាក់ បានធ្វើដំណើរចេញពីប្រទេសលីប៊ី ហើយបានទៅដល់ប្រទេសអ៊ី តាលី ក្នុងឆ្នាំ ២០២៤។