ទីផ្សារភាគហ៊ុន និងទិន្នផលសញ្ញាប័ណ្ណសកល បានធ្លាក់ចុះ អំឡុងការជួញដូរ នាថ្ងៃអង្គារ (ទី៤ ខែមីនា) ដោយអ្នកវិនិយោគ កំពុងប្រយ័ត្នប្រយែង ខណៈដែលពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន បានចូលជាធរមាន ដោយគំរាមកំហែងដល់ការកើនឡើងនូវភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោក។
ប្រាក់ដុល្លារអូស្រ្តាលីដែលងាយប្រឈមនឹងហានិភ័យ បានធ្លាក់ថ្លៃ ហើយតម្លៃប្រេងឆៅ បានបន្តនៅជិតកម្រិតទាបរយៈពេល ១២សប្តាហ៍ ខណៈដែលរូបិយប័ណ្ណគ្រីបតូធ្លាក់ចុះមកនៅតម្លៃប្រហែល ៨៦.០០០ដុល្លារ ក្នុង ១កាក់ បន្ទាប់ពីបានឡើងដល់ជិត ៩៥.០០០ដុល្លារ ដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ។
ប្រាក់ផោនរបស់អង់គ្លេស បានបន្តស្ថិតក្នុងតម្លៃខ្ពស់រយៈពេល ១ខែកន្លះ ហើយរូបិយប័ណ្ណអឺរ៉ូ ក៏មានភាពរឹងមាំផងដែរ ខណៈដែលបណ្ដាមេដឹកនាំអឺរ៉ុប បានបង្កើតផែនការសន្តិភាព នៅអ៊ុយក្រែន ដើម្បីដាក់បង្ហាញទៅទីក្រុងវ៉ាស៊ីនតោន។
សម្រាប់តំបន់អាស៊ី អំឡុងការជួញដូរ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ សទស្សន៍ភាគហ៊ុន Nikkei របស់ប្រទេសជប៉ុន បានធ្លាក់ចុះ ១,៦ភាគរយ ហើយសន្ទស្សន៍គោលរបស់តៃវ៉ាន់ បានធ្លាក់ចុះ ០,៥ភាគរយ។ ចំណែកហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ចុះ ០,៤ភាគរយ។ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនចិនដីគោក បានធ្លាក់ចុះ ០,២ភាគរយ។
គួរបញ្ជាក់ថា វិនិយោគិនបានមានភាពប្រយ័ត្នប្រយែងកាន់តែខ្លាំងឡើងៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (ទី៣ ខែមីនា) បានបញ្ជាក់ថា ពន្ធ ២៥ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក នឹងចូលជាធរមានចាប់ពីម៉ោង ៥:០១ ម៉ោងសកល នៅថ្ងៃអង្គារនេះ រួមជាមួយនឹងបង្កើនទ្វេដងនៃពន្ធលើប្រទេសចិនដល់ ២០ភាគរយ៕