ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (ទី៣ ខែមីនា) បាននិយាយថា លោកបានប្រាប់មេដឹកនាំជប៉ុន និងចិនថា ពួកគេមិនអាចបន្តកាត់បន្ថយតម្លៃនៃរូបិយប័ណ្ណរបស់ពួកគេបានទៀតទេ ព្រោះការធ្វើបែបនេះ នឹងមិនយុត្តិធម៌ សម្រាប់សហរដ្ឋអាមេរិក។
លោក Trump បាននិយាយនៅឯសេតវិមានថា៖ «ខ្ញុំបានទូរសព្ទទៅប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ហើយខ្ញុំបានទូរសព្ទទៅមេដឹកនាំជប៉ុន ដើម្បីនិយាយថា អ្នកមិនអាចបន្តកាត់បន្ថយ និងទម្លាក់តម្លៃរូបិយប័ណ្ណរបស់អ្នកបានទៀតទេ»។

លោកបានបន្ថែមថា៖ «អ្នកមិនអាចធ្វើបែបនេះបានទេ ព្រោះវាគឺអយុត្តិធម៌ សម្រាប់ពួកយើង។ វាគឺពិបាកណាស់ សម្រាប់ពួកយើង នៅពេលដែលប្រទេសជប៉ុន ចិន និងកន្លែងផ្សេងទៀត កំពុងសម្លាប់រូបិយប័ណ្ណរបស់ពួកគេ ដែលមានន័យថា រុញឱ្យវាធ្លាក់ចុះ»។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក Trump រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Katsunobu Kato បាននិយាយថា ទីក្រុងតូក្យូមិនទទួលយកគោលនយោបាយដោយផ្ទាល់ ដែលមានគោលបំណងធ្វើឲ្យប្រាក់យ៉េនធ្លាក់ចុះនោះទេ។
អ្នកសេដ្ឋកិច្ចភាគច្រើន ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters រំពឹងថា BOJ (ធនាគារកណ្ដាលជប៉ុន) នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ ដែលភាគច្រើនប្រហែលជាក្នុងអំឡុងត្រីមាសទី៣ ដោយដំឡើងដល់ ០,៧៥ភាគរយ។
ចំណែកខាងប្រទេសចិន មិនទាន់មានការអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងសម្ដីរបស់លោក Trump នេះ៕

