ជនប៉ាឡេស្ទីន រួមទាំងក្មេងៗ បានជួបជុំគ្នានៅផ្ទះបាយស៊ុប ស្ថិតក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សាស្រ្ទីបកាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីទទួលបានអាហារឆ្អិនរៀបចំឡើងដោយក្រុមស្ម័គ្រចិត្ត ដែលបានបង្ហាញក្តីបារម្ភរបស់ពួកគេ ក្រោយអ៊ីស្រាអែលបិទផ្លូវទាំងស្រុងលើដែនដីមួយនេះ ។
លោក Abu Omar គឺជាមនុស្សម្នាក់ក្នុងចំណោមក្រុមអ្នករៀបចំផ្ទះបាយស៊ុប និយាយថា នៅថ្ងៃដំបូងនៃពិធីបុណ្យពិសិដ្ឋ Ramadan ពួកគេបានរៀបចំអាហារសម្រាប់ចំនួន ១.២០០-១.៤០០ចំណែកសម្រាប់ជនប៉ាឡេស្ទីន ។
លោកបន្តថា ការបិទច្រកឆ្លងកាត់ និងការលែងមានទំនិញលក់នៅលើទីផ្សារ នាំឲ្យពួកគេរៀបចំអាហារទាំងនេះ និងស៊ុបសម្រាប់ជនប៉ាឡេស្ទីន នៅថ្ងៃនេះ ។
អ៊ីស្រាអែល បានបិទការចូលរបស់រថយន្តដឹងជំនួយទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ស្របពេលដែលភាពជាប់គាំងជុំវិញបទឈប់បាញ់បញ្ឈប់ការប្រយុទ្ធគ្នាអស់រយៈពេល ៦សប្តាហ៍កន្លងមកនេះ បានឡើងកម្តៅវិញ ។
ដំណាក់កាលដំបូងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីនដែលបានចាប់ផ្តើមកាលពីខែមករា បានបញ្ចប់ទៅកាលពីចុងសប្តាហ៍កន្លងទៅ ដោយគ្មានកិច្ចព្រមព្រៀងចំពោះអ្វីនឹងកើតឡើងបន្ទាប់នោះទេ ។
ក្រុមហាម៉ាស់ និយាយថា ពួកគេប្តេជ្ញាចិត្តចំពោះបទឈប់បាញ់បានព្រមព្រៀងដំបូងដែលត្រូវបានកំណត់ឡើង ដើម្បីឆ្ពោះទៅរកដំណាក់កាលទី ២ ក្នុងនោះកិច្ចចរចាមានគោលដៅបញ្ចប់អចិន្រ្តៃយ៍សង្រ្គាមមួយនេះ ហើយពួកគេច្រានចោលគំនិតបន្តបណ្តោះអាសន្នបទឈប់បាញ់រយៈពេល ៤២ថ្ងៃ ។
ដោយឡែក អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរទាំងអស់ត្រូវតែប្រគល់មកវិញ ដើម្បីឲ្យការប្រយុទ្ធគ្នាបញ្ឈប់ និងសម្រាប់កិច្ចពិភាក្សាលើដំណាក់កាលទី ២ ចាប់ផ្តើម ។
ក្រុមមន្រ្តីអ៊ីស្រាអែល និយាយថា គណៈប្រតិភូនឹងទៅដល់ទីក្រុងគែររបស់ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាលើវិធីសាស្រ្តបន្ធូរបន្ថយភាពតានតឹង និងធានាថា បិទឈប់បាញ់ បន្តចូលជាធរមាន ៕