ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃអង្គារនេះថា ផែនការថ្មីរបស់សហភាពអឺរ៉ុប(EU) ដើម្បីពង្រឹងឧស្សាហក្មការពារជាតិអឺរ៉ុប និងការបង្កើនសមត្ថភាពយោធា អាចនឹងប្រមូលបានថវិការហូតដល់ជិត ៨០០ពាន់លានអឺរ៉ូ (ស្មើនឹង ៨៤១.៤ពាន់លានដុល្លារ)។
លោកស្រី Von der Leyen និយាយថា EU នឹងស្នើសុំ ដើម្បីផ្តល់ចន្លោះសារពើពន្ធបន្ថែមទៀតដល់រដ្ឋជាសមាជិក សម្រាប់ការវិនិយោគទុនលើវិស័យការពារជាតិ ក៏ដូចជាប្រាក់កម្ចី ១៥០ពាន់លានអឺរ៉ូសម្រាប់ការវិនិយោគទាំងអស់នោះ ហើយពួកគេមានគោលដៅប្រមូលទុនឯកជនផងដែរ ។
ក្រុមមេដឹកនាំអឺរ៉ុប បានយល់ព្រមថា ពួកគេត្រូវតែចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ដើម្បីបង្ហាញដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpថា ទ្វីបមួយនេះ អាចការពារខ្លួនឯងបាន ក្រោយលោក Trump ផ្អាកជំនួយយោធាដល់អ៊ុយក្រែន ។
ចំណាត់ការបែបនេះ បានកើតមានឡើង ក្រោយជម្លោះពាក្យសម្តីរបស់លោក Trumpជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន ធ្វើឲ្យការប្រេះឆារកាន់តែជ្រៅទៅៗរវាងប្រទេសធ្លាប់ជាសម្ព័ន្ធមិត្តទាំង ២ ៕