នគរបាលបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្លាញទីតាំងសន្តិសុខមួយកន្លែងនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារទី 4 ខែមីនា បណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់១២នាក់ស្លាប់។

លោក Zia u Din អធិការនគរបាលស្រុក Bannu ភាគខាងជើង បាននិយាយថា ការផ្ទុះក៏បានធ្វើឱ្យមនុស្ស ១៨ នាក់រងរបួស ហើយតួលេខនេះមិនរាប់បញ្ចូលការស្លាប់និងរងរបួសរបស់កងកម្លាំងសន្តិសុខនោះទេ។
អ្នករងរបួសជាច្រើននាក់ រួមមានទាំងអនីតិជន ត្រូវបានគេឃើញបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក Bannu។ មន្ត្រីនគរបាលនិយាយថា ការផ្ទុះនេះទំនងជាបណ្តាលមកពីរថយន្តផ្ទុកសារធាតុផ្ទុះ។

គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា នរណាជាអ្នកនៅពីក្រោយការបំផ្ទុះនេះ។ ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមតាលីបង់ប៉ាគីស្ថាន (TTP) បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឆាំងនគរបាល និងយោធាប៉ាគីស្ថាន នៅតំបន់ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។