ប្រភពដែលដឹងពីស្ថានការណ៍នេះបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (០៤ មីនា) ថា សេវាចំណូលផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ឬហៅថាសេវាពន្ធដារ IRS កំពុងពិចារណាលើការបញ្ឈប់ការងាររបស់បុគ្គលិករហូតដល់ពាក់កណ្តាល នៃបុគ្គលិកសរុបប្រហែល ៩០.០០០នាក់របស់ខ្លួន។

ការរំសាយបុគ្គលិករាប់ម៉ឺននាក់នេះនឹងក្លាយជាការកាត់បន្ថយយ៉ាងខ្លាំងបំផុតដល់ទីភ្នាក់ងារសហព័ន្ធ ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ នៅពេលសាកសួរពីរបាយការណ៍នានាសារព័ត៌មានជុំវិញផែនការបន្ថយបុគ្គលិកពាក់កណ្តាលនេះ ប្រភព IRS បានបញ្ជាក់ថា គម្រោងបែបនេះកំពុងត្រូវបានពិភាក្សាបែបផ្ទៃក្នុង។

នៅក្នុងខែកុម្ភៈ ការិយាល័យ IRS បានបញ្ឈប់បុគ្គលិកសាកល្បងប្រហែល ៧.០០០នាក់រួចទៅហើយ ស្របពេលមានការកាត់បន្ថយស្រដៀងគ្នានេះនៅទីភ្នាក់ងារសហព័ន្ធផ្សេងទៀត។

ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករាមក លោក Trump បានចាប់ផ្តើមការវាយលុកដ៏ធំធេងលើបុគ្គលិករដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការចំណាយសាធារណៈ និងការិយាធិបតេយ្យសហព័ន្ធ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅដែលលោកបានសន្យានៅពេលធ្វើយុទ្ធនាការបោះឆ្នោត៕