អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងតឹងជាបន្ទាន់ នៅតំបន់វេសបែង(West Bank) ជាកន្លែងដែលកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ រួមទាំងការវាយប្រហារតាមអាកាស និងការប្រើប្រាស់រថក្រោះជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំ។
លោក ហ្គុយតឺរេស បាននិយាយនៅឯកិច្ចប្រជុំបន្ទាន់នៃសម្ព័ន្ធអារ៉ាប់ (LAS) នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីបថា៖«កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ រួមទាំងការវាយប្រហារតាមអាកាស និងក៏ការដាក់ពង្រាយរថក្រោះ ជាលើកដំបូង ក្នុងរយៈពេលជាង ២ទសវត្សរ៍»។
លោកបានបន្តទៀតថា៖«ជនជាតិប៉ាឡេស្ទីនជាង ៤០.000នាក់ ត្រូវបានជម្លៀសដោយបង្ខំ នៅក្នុងខែមុន ដែលជាការផ្លាស់ទីលំនៅដ៏ធំបំផុត នៅក្នុងតំបន់វេសបែង ក្នុងរយៈពេលជាច្រើនទស្សវត្ស។ «ទន្ទឹមនឹងនេះ ការរុះរើ ការបណ្ដេញចេញ និងការពង្រីកការតាំងទីលំនៅ នៅតែបន្ត ដោយអំពើហិង្សាបង្កឡើងដោយអ្នកតាំងទីលំនៅ កំពុងកើនឡើង»។
លោកប្រមុខអង្គការសហប្រជាជាតិ បានកត់សម្គាល់ឃើញថា៖«អ្វីៗទាំងអស់នេះ កំពុងធ្វើឲ្យអាជ្ញាធរប៉ាឡេស្ទីនចុះខ្សោយបន្ថែមទៀត នៅពេលដែលតួនាទីរបស់ខ្លួន កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់នោះ»។