ទោចក្រយាន៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទោចក្រយានកម្រិត១ រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីទិសដៅអភិវឌ្ឍន៍បន្ថែមឲ្យកាន់តែពិសេស ពិសេសដើម្បីត្រៀមដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានចាត់ទុកថា វគ្គនេះគឺជាវគ្គដ៏សំខាន់មួយដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹង របស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការសិក្សាតាមរបៀបរបបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន ១០។ ក្នុងនាមសហព័ន្ធ លោកបានស្នើឲ្យសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ គប្បីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា ពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣ បន្តនាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល ៣ខែនៅប្រទេសស្វីសទៀតផង។
លោក នូ ចំរើន ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ឲ្យប្រឹងប្រែង ដើម្បីគោលដៅត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ហើយក៏ជាដំណើរការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឆ្ពោះទៅឆ្នាំបន្តបន្ទាប់ទៀត ជាក់ស្ដែងការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាទើបចុះហត្ថលេខាទទួលសិទ្ធម្ចាស់ផ្ទះ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅផងដែរ៕
អត្ថបទ៖ លី ឈុនឡា