រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឆេក លោក Jan Lipavsky កាលពីថ្ងៃអង្គារ (ទី៤ ខែមីនា) បាននិយាយថា អឺរ៉ុបត្រូវតែចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងដំណើរការជជែកពិភាក្សាពីសន្តិសុខ និងជួយស្វែងរកមធ្យោបាយ ដើម្បីនាំឲ្យមហាអំណាចពិភពលោកមួយនេះកាន់តែជិតស្និទ្ធជាមួយអ៊ុយក្រែន បន្ទាប់ពីមានការផ្អាកផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងគីវ។ ហើយលោកបានបន្ថែមថា អឺរ៉ុបក៏ត្រូវតែផ្ដោតផងដែរ ចំពោះការត្រៀមជំនួសអាមេរិក ក្នុងការគាំទ្រអ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុប ដោយធនធានរបស់ខ្លួន។
រដ្ឋាភិបាលឆេកបានចាប់ផ្តើមពិភាក្សារួចហើយ អំពីផែនការបង្កនការចំណាយ ក្នុងវិស័យការពារជាតិឲ្យដល់កម្រិត ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប៉ុន្មានឆ្នាំខាងមុខ ពោលគឺឡើងពីទំហំប្រហែល ២ភាគរយ នៅឆ្នាំ២០២៤។
ចាប់តាំងពីឆ្នាំ២០២៤ ប្រទេសនេះក៏បាននាំមុខគេផងដែរ ក្នុងការចាប់ផ្ដើមយុទ្ធនាការផ្ដល់គ្រាប់រំសេវ សម្រាប់អ៊ុយក្រែន ដែលប្រមូលការផ្គត់ផ្គង់ ពីជុំវិញពិភពលោក ដើម្បីជួយដល់ការប្រយុទ្ធរបស់ទីក្រុងគីវ ទប់ទល់នឹងការលុកលុយរបស់រុស្ស៊ី។ លោក Lipavsky បាននិយាយថា គំនិតផ្តួចផ្តើមនេះ បានធានាដល់ការចែកចាយ សម្រាប់ប៉ុន្មានខែខាងមុខ ហើយកំពុងស្វែងរកការទទួលបានមូលនិធិបន្ថែមទៀតពីប្រទេសម្ចាស់ជំនួយផ្សេងៗ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតី លោក JD Vance បានស្ដីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានថា មិនបាននិយាយសរសើរឲ្យបានគ្រប់គ្រាន់ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីបញ្ចប់សង្រ្គាម ឥឡូវនេះ អឺរ៉ុបត្រូវបានទុកឲ្យដោះស្រាយបញ្ហាសន្តិសុខដោយផ្ទាល់ខ្លួន។
តែយ៉ាងណាក្ដី លោក Lipavsky បាននិយាយថា៖ «ពួកយើង (ដូចគ្នាដែរ) ត្រូវតែបន្តចូលរួមជាមួយសហរដ្ឋអាមេរិក ជុំវិញការជជែកពិភាក្សា អំពីសន្តិសុខអឺរ៉ុប ហើយពួកយើងត្រូវរិះរកវិធី ដែលប្រហែលជាត្រូវធ្វើយ៉ាងណា ដើម្បីនាំឲ្យអ៊ុយក្រែន និងសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធជាមួយគ្នា។ យើងមិនគួរចុះចាញ់ ជុំវិញបញ្ហាអាមេរិកនោះទេ ប្រាកដជាមិនគួរឡើយ។ ប៉ុន្តែនេះជាការពិត ហើយយើងត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបាន»៕