ក្រុមមេដឹកនាំសហភាពអឺរ៉ុបនឹងធ្វើកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីយល់ព្រមលើវិធីបង្កើនថវិកាយោធារបស់ប្លុកនេះយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋបាលលោក Trump បានផ្តល់សញ្ញាថាអឺរ៉ុបត្រូវតែថែរក្សាសន្តិសុខផ្ទាល់ខ្លួន ហើយក៏បានផ្អាកជំនួយដល់អ៊ុយក្រែនផងដែរ។

ត្រឹមតែជាងមួយខែប៉ុណ្ណោះ លោកប្រធានាធិបតី Donald Trump បានលុបចោលនូវភាពប្រាកដប្រជាចាស់ៗអំពីភាពជឿជាក់របស់សហរដ្ឋអាមេរិកក្នុងនាមជាដៃគូសន្តិសុខ ខណៈលោកបានឱបក្រសោបរុស្ស៊ី និងដកការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន។

កាលពីថ្ងៃចន្ទ លោក Trump បានបញ្ជាឱ្យផ្អាកការផ្គត់ផ្គង់យោធារបស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែន ទន្ទឹមនឹងលោកបានព្យាយាមជំរុញលោកប្រធានាធិបតី Volodymyr Zelenskyy ឱ្យចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយរុញឲ្យមានជំនួបកំពូលបន្ទាន់ថ្មីមួយទៀត នៅសប្ដាហ៍នេះ សម្រាប់សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានព្រមានក្នុងលិខិតមួយទៅកាន់មេដឹកនាំទាំង ២៧ប្រទេសរបស់ប្លុកនេះ ដែលនឹងពិចារណាវិធីដើម្បីទទួលបានប្រាក់បន្ថែមទៀតសម្រាប់ការចំណាយលើវិស័យការពារជាតិ និងបន្ធូរបន្ថយការរឹតបន្តឹងលើប្លុកអឺរ៉ុបថា សហភាពអឺរ៉ុបប្រឈមគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នក្នុងកម្រិតមួយ ដែលគ្មាននរណាម្នាក់ក្នុងចំណោមសហភាពអឺរ៉ុបបានមើលឃើញ៕