យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការ UN Women កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា
សិទ្ធិរបស់ស្ត្រី បានធ្លាក់ចុះកាលពីឆ្នាំមុន នៅក្នុងប្រទេសចំនួនមួយភាគបួន នៅជុំវិញពិភពលោក ដោយ សារតែកត្តាជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។
របាយការណ៍នេះ បានលើកឡើងថា៖«ការចុះខ្សោយនៃស្ថាប័នប្រជាធិបតេយ្យ បានដើរទន្ទឹមគ្នាជាមួយនឹងការប្រតិកម្មតបទៅនឹងសមភាពយេនឌ័រ» ដោយបន្ថែមថា «តួអង្គប្រឆាំងសិទ្ធិ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងសកម្ម ដល់ការយល់ស្របជាយូរយារមកហើយ ទៅលើបញ្ហាសិទ្ធិស្ត្រីសំខាន់ៗ»។
របាយការណ៍បានបន្តដោយសំដៅលើឯកសារពីសន្និសីទពិភពលោកស្តីពីស្ត្រីឆ្នាំ ១៩៩៥ថា៖«ជិតមួយភាគបួននៃប្រទេសទាំងអស់ បានរាយការណ៍ថា ប្រតិកម្មតបទៅនឹងសមភាពយេនឌ័រ កំពុងរារាំងការ អនុវត្តវេទិកាទីក្រុងប៉េកាំងសម្រាប់សកម្មភាព (Beijing Platform for Action)»។
ក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីសន្និសីទនេះមក អង្គការសហប្រជាជាតិ បាននិយាយថា វឌ្ឍនភាព មានភាពលាយឡំគ្នា។
នៅក្នុងសភាជុំវិញពិភពលោក តំណាងស្ត្រី បានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ១៩៩៥ ប៉ុន្តែបុរស នៅតែមានសមាជិកសភាប្រហែលបីភាគបួន។