ព្យុះស៊ីក្លូន Alfred ហាក់ថមថយកម្លាំងរបស់វាវិញ ពេលវាបោកបក់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវត្តមានរបស់វាបាននាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅរដ្ឋភាគខាងជើង New South Wales ។
មន្ទីរឧតុនិយមអូស្រ្តាលី និយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា បច្ចុប្បន្នព្យុះកម្រិតទី ២នេះ ទំនងជាបោកបក់ដល់ដីគោកនៅព្រឹកថ្ងៃសៅរ៍ នៅជិតទីក្រុង Brisbane ដែលជាទីក្រុងមានមនុស្សរស់នៅច្រើនបំផុតទី ៣របស់អូស្រ្តាលី ពោលគឺវាខុសពីការព្យាករណ៍ដំបូងថា វានឹងបោកបកដល់ដីគោកនៅព្រឹកថ្ងៃសុក្រ ។
មន្ទីរ បាននិយាយថា ផលប៉ះពាល់ដោយសារព្យុះ អាចនឹងកើតមាននៅតាមតំបន់ព្រំដែនរដ្ឋ Queensland និងរដ្ឋ New South Wales ដោយវានាំមកជាមួយភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ហើយនិងបង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរផងដែរ ។
បច្ចុប្បន្នព្យុះស៊ីក្លូន Alfred ស្ថិតនៅចម្ងាយ ២២៥គ.មពីតំបន់ឆ្នេរទីក្រុង Brisbane ហើយកម្លាំងរបស់វា បានថមថយចាប់តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ ហើយវាកំពុងធ្វើដំណើរយឺតៗ ៨គ.មក្នុង ១ម៉ោង ៕