សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់សម្តីសម្ព័ន្ធមិត្តបច្ចុប្បន្ន និងអតីត និងមន្ត្រីសន្តិសុខមកពីសម្ព័ន្ធភាពយោធានេះថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមបណ្តាប្រទេសសមាជិកអង្គការណាតូ អំពីហានិភ័យនៃការចែករំលែកព័ត៌មានចារកម្ម ការប៉ុនប៉ងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការស្តារទំនាក់ទំនងជាមួយរុស្ស៊ី បានបង្កើនការសង្ស័យអំពីកិច្ចសហប្រតិបត្តិការបែបនេះ ជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាននេះ ការចែករំលែកការស៊ើបការណ៍សម្ងាត់ នៅក្នុងអង្គការណាតូ មានភាពស្មុកស្មាញជាយូរមកហើយ ដោយការមិនទុកចិត្តគ្នារវាងសមាជិកប្រពៃណីរបស់សម្ព័ន្ធភាព និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត ដែលបានចូលរួម បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ ការមិនទុកចិត្ត បានកាន់តែខ្លាំងឡើង ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ដោយសារតែជំហររបស់ហុងគ្រីគាំទ្ររុស្ស៊ី និងស្លូវ៉ាគី។ កាសែត Politico បានចង្អុលបង្ហាញថា កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ី កំពុង «ធ្វើឲ្យសម្ព័ន្ធមិត្តនេះមានការរង្គោះរង្គើ ដោយជំរុញឲ្យប្រទេសនានាមានការងឿងឆ្ងល់អំពីហានិភ័យនៃការចែករំលែកព័ត៌មានសម្ងាត់ ជាមួយទីក្រុងវ៉ាស៊ីនតោន»។
លោកស្រី Julie Smith ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ ក្រោមការដឹកនាំរបស់លោក Joe Biden បានប្រាប់កាសែតនេះថា ៖«មានការលើកឡើងជាច្រើន នៅក្នុងសាលប្រជុំរបស់អង្គការណាតូអំពីអនាគតនៃការចែករំលែកព័ត៌មានសម្ងាត់ នៅក្នុងសម្ព័ន្ធភាពយោធានេះ ។លោកស្រី បានបញ្ជាក់ថា ខ្លួនបានឮពីមន្ត្រីមួយចំនួនថា ពួកគេខ្លាចថា មានការបញ្ចប់ការចែករំលែកទិន្នន័យនេះ ដោយទីក្រុងវ៉ាស៊ីនតោន។