សភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ នឹងជជែកដេញដោលគ្នា អំពីការជំរុញដល់ការចំណាយ លើហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ ចំពោះច្បាប់កម្ចីរបស់រដ្ឋ ដើម្បីបង្កើនមូលនិធិការពារជាតិ ចាប់ពីថ្ងៃទី១៣ ខែមីនា។ នេះបើតាមការឲ្យដឹងពីប្រភពសភាចំនួន ២រូប ដែលបានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) នេះ។
ជាមួយគ្នានេះដែរ ប្រភពបានបន្ថែមថា សភាជាន់ទាប Bundestag នឹងបោះឆ្នោត ជុំវិញកំណែទម្រង់ នៅថ្ងៃទី១៨ ខែមីនា។ នៅក្នុងការពិភាក្សា ដើម្បីបង្កើតរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន ក្រុមអភិរក្សនិយម និងគណបក្សកណ្តាល-ឆ្វេងនិយម SPD នឹងត្រូវការសំឡេងភាគច្រើន ២ភាគ៣ ក្នុងសភា ដើម្បីអនុម័តផែនការរបស់ពួកគេ ក្នុងការធ្វើកំណែទម្រង់បំណុល និងបង្កើតមូលនិធិ ៥០០ពាន់លានអឺរ៉ូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។
គណបក្ស Greens បានប្រាប់ថា ពួកគេនឹងជជែកយ៉ាងខ្លាំងក្លា មុនពេលផ្តល់ការគាំទ្រណាមួយ ដែលត្រូវការជាចាំបាច់ ដើម្បីគាំទ្រដល់កំណែទម្រង់បំណុល ក្នុងគោលបំណងស្តារសេដ្ឋកិច្ចដែលកំពុងជួបការលំបាក និងចំណាយបន្ថែមទៀត ក្នុងវិស័យការពារជាតិ។
ចំណែកគណបក្ស FDP ដែលគាំទ្រអាជីវកម្ម ក៏នឹងគាំទ្រដល់ការបង្កើនការចំណាយ ក្នុងវិស័យការពារជាតិផងដែរ ប៉ុន្តែបក្សនេះ បានបញ្ជាក់ថា ខ្លួននឹងមិនគាំទ្រមូលនិធិពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនោះឡើយ៕