មន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់របស់ចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថាប្រទេសចិន បានប្តេជ្ញារក្សាស្ថិរភាពនៃប្រាក់យ័ន ស្របពេលមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។

លោក Pan Gongsheng ទេសាភិបាលធនាគារប្រជាជនចិន (PBOC) បាននិយាយថា "យើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវការវាយលុកអត្រាប្តូរប្រាក់ និងធានាថាប្រាក់យ័ននៅតែមានស្ថិរភាពជាមូលដ្ឋានក្នុងកម្រិតសមហេតុផល និងមានតុល្យភាព ។

ការអត្ថាធិប្បាយនេះគឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់ទីក្រុងប៉េកាំងបន្ទាប់ពីការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាប្រទេសដូចជាចិន និងជប៉ុន កំពុងទទួលបានអត្ថប្រយោជន៍តាមរយៈការទម្លាក់ថ្លៃរូបិយប័ណ្ណ។

លោក Pan បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃស្ថាប័ននីតិប្បញ្ញត្តិ និងទីប្រឹក្សាកំពូលរបស់ប្រទេសចិនថា "នៅលើអត្រាប្តូរប្រាក់ គោលនយោបាយ និងជំហររបស់យើងនៅតែជាប់លាប់ ។ យើងនឹងរក្សាតួនាទីសម្រេចចិត្តរបស់ទីផ្សារ ខណៈពង្រឹងការគ្រប់គ្រងការរំពឹងទុក" ។
រូបិយប័ណ្ណចិនបានស្ថិតនៅក្រោមសម្ពាធចេះតែកើនឡើងនាពេលថ្មីៗនេះ ដោយសារកត្តារួមផ្សំ រួមទាំងភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយការសម្រេចចិត្តរបស់លោក Trump ក្នុងការដំឡើងពន្ធលើទំនិញចិនចំនួន ២០ ភាគរយ៕