ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថា យ៉ាងហោចណាស់បុគ្គលិកសន្តិសុខ ១៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លា ដោយក្រុមប្រដាប់អាវុធ នៅក្នុងខេត្ត Latakia មាត់សមុទ្ររបស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការវាយលុកដ៏សាហាវបំផុត ទៅលើកងកម្លាំងរដ្ឋាភិបាលថ្មី ចាប់តាំងពីរដ្ឋាភិបាលមុន បានដួលរលំ។

យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស អ្នកស្លាប់បាត់បង់ជីវិតដែលភាគច្រើនមកពីខេត្ត Idlib ភាគពាយ័ព្យ រួមមានសមាជិកនៃអគ្គនាយកដ្ឋានសន្តិសុខ និងក្រសួងការពារជាតិ ដែលត្រូវបានវាយឆ្មក់ នៅក្នុងទីក្រុង Jableh និង Latakia ដោយក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានចោទប្រកាន់ថា គាំទ្រដោយអំណាចក្នុងតំបន់ និងអ្នកដែលនៅសេសសល់ពីអតីតរដ្ឋាភិបាល។
តំបន់ Latakia គឺជាទីជម្រករបស់ក្រុមជនជាតិភាគតិចអាឡាវីត(Alawite) ដែលគ្រួសារលោក អា សាដ ( Assad) ជារបស់សហគមន៍នេះ។

ក្រុមឃ្លាំមើល បាននិយាយថា បុគ្គលិកសន្តិសុខបន្ថែម បានបាត់ខ្លួន ឬសន្មតថា បានស្លាប់ ខណៈដែលការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ នៅតែបន្តនៅក្នុងតំបន់នោះ ដោយបានបញ្ជាក់ថា យ៉ាងហោចណាស់ក្រុម សកម្មប្រយុទ្ធ បីនាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។
លោក Mustafa Kinivati ប្រធានអគ្គនាយកដ្ឋានសន្តិសុខនៅតំបន់ Latakia បានពណ៌នាការវាយប្រហារនេះថា ជា «ការវាយប្រហារដែលមានផែនការយ៉ាងត្រឹមត្រូវ និងគិតទុកជាមុន» ដោយក្រុមប្រដាប់អាវុធ ដែលធ្លាប់ស្មោះត្រង់នឹងរដ្ឋបាលដែលត្រូវបានបណ្តេញចេញពីអំណាច។
លោក Kinivati បាននិយាយថា៖«ពួកគេបានបើកការវាយប្រហារដំណាលគ្នា ទៅលើប៉ុស្តិ៍ត្រួតពិនិត្យ និងល្បាតរបស់យើង នៅទីក្រុងJableh និងជាយក្រុងនេះ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ក្នុងចំណោមកងកម្លាំងរបស់យើង»។