រដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៧ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័នរបស់អ៊ុយក្រែន អំឡុងការវាយប្រហារចុងក្រោយរបស់ពួកគេ ដោយយានដ្រូន និងមីស៊ីល។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម Facebook រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ លោក German Galushchenko បានប្រាប់ឲ្យដឹងថា៖ «ជាថ្មីម្តងទៀត ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្ម័ននៅក្នុងតំបន់ផ្សេងៗរបស់ប្រទេសអ៊ុយក្រែន បានស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាដោយមីស៊ីល និងយានដ្រូន»។
លោកបានបន្ថែមថា៖ «នៅពេលណាដែលអាចធ្វើទៅបាន អ្នកជួយសង្គ្រោះ និងវិស្វករថាមពល កំពុងធ្វើការដើម្បីដោះស្រាយផលវិបាកផ្សេងៗ។ វិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានអនុវត្ត ដើម្បីធ្វើឲ្យមានស្ថិរភាពដល់ការផ្គត់ផ្គង់ថាមពល និងឧស្ម័ន»។
ក្រុមហ៊ុន Naftogaz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ បានបណ្ដាលឲ្យមានការខូចខាតដល់ទីតាំងរោងចក្រផលិតឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុន Naftogaz បានប្រាប់តាមរយៈកម្មវិធីផ្ញើសារ Telegram ថា៖ «ទីតាំងរោងចក្រផលិតដែលធានាដល់ការផលិតឧស្ម័ន ត្រូវរងខូចខាត។ តែសំណាងល្អ មិនមានអ្នករងរបួសនោះឡើយ»។
អភិបាលក្រុង Ternopil លោក Viacheslav Nehoda បាននិយាយថា ការវាយប្រហារនេះ បានត្រូវចំទីតាំងរោងចក្រឧស្សាហកម្មដ៏សំខាន់មួយ នៅក្នុងតំបន់ភាគខាងលិច ហើយបានប្រកាសពីការកំណត់ដែលអាចកើតមាន ចំពោះការផ្គត់ផ្គង់ឧស្ម័ន៕