ក្រុមហាម៉ាស នៅថ្ងៃសុក្រ (ទី៧ ខែមីនា) បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ជួបជាមួយអ្នកទោសប៉ាឡេស្ទីនដែលទើបមានសេរីភាព ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្តមាន នៅតំបន់ហ្កាហ្សា បន្ទាប់ពីមាននូវជំនួបរបស់លោកជាមួយចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានដោះលែងមួយថ្ងៃមុននោះ។
នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់លោក Trump មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Basem Naim បានសរសេររៀបរាប់ថា ដូចដែលគាត់ (លោក Trump) បាននិយាយអំពី «ការរងទុក្ខវេទនាដែលមិនអាចទ្រាំទ្របាន» របស់ចំណាប់ថ្នូរអ៊ីស្រាអែល លោកប្រធានាធិបតីអាមេរិក គួរតែ «បង្ហាញកាយវិការគោរពដូចគ្នានេះ ចំពោះអ្នកទោសនយោបាយប៉ាឡេស្ទីនដែលទើបត្រូវបានដោះលែង និងលៃពេលវេលា ដើម្បីជួបជជែកជាមួយពួកគេ ហើយស្តាប់រឿងរ៉ាវរបស់ពួកគេ»។
លោក Naim បានបញ្ជាក់បន្ថែមថា អ្នកទោសប៉ាឡេស្ទីនជាង ៩.៥០០នាក់ បច្ចុប្បន្ន កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) លោក Trump បានជួបជាមួយអតីតចំណាប់ថ្នូរអ៊ីស្រាអែល ៨នាក់ នៅក្នុងការិយាល័យ Oval Office ដែលត្រូវបានដោះលែង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា។
ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ បាននាំទៅដល់ការដោះលែងចំណាប់ថ្នូរចំនួន ៣៣នាក់ ក្នុងនោះរួមមាន ៨នាក់ដែលបានបាត់បង់ជីវិត ជាថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ១.៨០០នាក់៕