ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី៧ ខែមីនា) បានប្រាប់ឲ្យដឹងថា វាគឺជារឿងចាំបាច់ណាស់ ក្នុងការចាប់ផ្ដើមកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធ បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានអំពាវនាវយ៉ាងទូលំទូលាយឲ្យមហាអំណាចនុយក្លេអ៊ែររបស់ពិភពលោកបោះបង់អាវុធរបស់ពួកគេ។
វិមានក្រឹមឡាំងបានលើកឡើងថា ការពិភាក្សាទាំងនេះ ក៏គួរតែរួមបញ្ចូលឃ្លាំងអាវុធនុយក្លេអ៊ែររបស់អឺរ៉ុបផងដែរ ជាពិសេសបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងសប្តាហ៍នេះ បានស្នើឲ្យពង្រីកឆ័ត្រការពារអាវុធនុយក្លេអ៊ែររបស់បារាំងទៅកាន់ប្រទេសផ្សេងទៀតនៅទ្វីបនេះ។
លោក Trump ដែលបានសន្យាថា នឹងដាក់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងអាណត្តិទី២ របស់លោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វានឹងអស្ចារ្យខ្លាំងណាស់ ប្រសិនបើមនុស្សគ្រប់គ្នាលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ពួកគេ»។
លោកបានបន្ថែមថា៖ «ខ្ញុំដឹងថា រុស្ស៊ី និងពួកយើងមានច្រើនជាងគេ។ ប្រទេសចិននឹងមានបរិមាណស្មើគ្នាក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ។ វាពិតជាល្អណាស់ ប្រសិនបើយើងអាចលុបបំបាត់នុយក្លេអ៊ែរបាន ពីព្រោះឥទ្ធិពលអាក្រក់នៃអាវុធនុយក្លេអ៊ែរ គឺធ្ងន់ធ្ងរខ្លាំងណាស់»។
នៅពេលត្រូវបានសួរ អំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «កិច្ចសន្ទនា រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធ គឺជារឿងចាំបាច់ណាស់ ជាពិសេសទាក់ទងនឹងស្ថិរភាពជាយុទ្ធសាស្ត្រ»។
ហើយជាមួយគ្នានេះ លោក Peskov បានសង្កត់ធ្ងន់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អឺរ៉ុប មិនអាចត្រូវបានព្រងើយកន្តើយនោះឡើយ ក្នុងកិច្ចសន្ទនានេះ៕