ក្រុមអាជ្ញាធរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ បានស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស ពេលស្ពានផ្លូវហាយវ៉េមួយកន្លែងដែលត្រូវបានកម្ទេចចោល បានបាក់នៅជិតទីក្រុង La Louviere ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសបែលហ្ស៊ិក ។
អភិបាលក្រុង La Louviere លោក Jacques Gobert និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្មករម្នាក់ដែលនៅលើស្ពានបេតុង ពេលដែលវាបាក់ បានស្លាប់ ខណៈកម្មករ ២នាក់ផ្សេងទៀត បានរងរបួស ពេលស្ពានបាក់សង្កត់លើនាវាបោះយុថ្កានៅទីនោះ ដើម្បីប្រមូលគំនរបាក់បែកពីស្ពាន ។
ស្ពានមួយនេះ ដែលបិទការធ្វើចរាចរណ៍អំឡុងពេលការងារ គឺជាផ្នែកមួយនៃស្ពានភ្លោះឆ្លងកាត់ផ្លូវហាយវ៉េ E42ស្ថិតនៅលើព្រែកជីក Canal du Centre ហើយត្រូវបានកម្ទេចចោល ដើម្បីសាងសង់ឡើងវិញនៅឆ្នាំក្រោយ ។ ចំណែកឯស្ពានម្ខាងទៀត ទើបបានជួសជុលឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
ក្រុមអាជ្ញាធរ បានបិទការធ្វើចរាចរណ៍នៅលើស្ពានទើបជួសជុលឡើងវិញនោះផងដែរ បន្ទាប់ពីហេតុការណ៍បាក់ស្ពាន ប៉ុន្តែវេលាម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក ការធ្វើចរាចរណ៍ដំណើរការដូចធម្មតាវិញហើយ ៕