ក្រុមអាជ្ញាធរអូស្រ្តាលី និយាយថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅក្នុងទឹកជំនន់ ហើយទាហាន ១៣នាក់ បានរងរបួសក្នុងគ្រោះថ្នាក់រថយន្ត ពេលអាកាសធាតុពុំអំណោយបណ្តាលមកពីព្យុះស៊ីក្លូន Alfred ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្រ្តាលី ។
ព្យុះស៊ីក្លូន Alfred ដែលបានថមថយកម្លាំងមកនៅព្យុះត្រូពិកកម្រិតទាបកាលពីថ្ងៃសៅរ៍ បានបោកបក់ដល់ដីគោកនៅជិតរដ្ឋធាន Brisbane រដ្ឋ Queensland កាលពីល្ងាចម្សិលមិញ ។
ខណៈពេលនោះដែរ លោក Chris Minns គឺជាអភិបាលរដ្ឋ New South Wales និយាយថា គ្រាអាសន្ននេះនៅមិនទាន់រំលងផុតនោះទេ ពីព្រោះថាទឹកទន្លេនៅពេញប្រៀបច្រាំង ភ្លៀងនៅតែបន្តធ្លាក់ ហើយរំពឹងថានឹងបន្តធ្លាក់ខ្លាំងច្រើនទៀត នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
លោកនិយាយថា ស្ថានភាពខ្យល់បក់នៅតែខ្លាំង ជាពិសេសនៅតាមតំបន់ឆ្នេរ ដូច្នេះហើយសម្រាប់ហេតុផលទាំងនេះ វាពិតជាសំខាន់ខ្លាំងណាស់កាលដែលសាធារណជនត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ ។
មន្ទីរឧតុនិយមអូស្ត្រាលី និយាយថា ព្យុះ Alfred ដែលបច្ចុប្បន្នថមថយកម្លាំងមកនៅជាព្យុះត្រូពិកកម្រិតទាប បានបោកបក់ឆ្លងកាត់បណ្តាកោះជិតរដ្ឋ Queensland កាលពីយប់កន្លងទៅ ហើយវានឹងធ្វើដំណើរឆ្ពោះទៅកាន់ដីគោក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ។
មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ហើយសារព័ត៌មានក្នុងស្រុក រាយការណ៍ថា ពលរដ្ឋប្រហែល ២៥ម៉ឺនាក់ ប្រឈមនឹងការដាច់ចរន្តអគ្គិសនី ពេលដែលខ្យល់បក់ខ្លាំង បានធ្វើឲ្យបង្គោលភ្លើងដួលរលំ ៕