អ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញតវ៉ាដើម្បីអបអរសាទរ ខណៈលោកដើរចេញពីមណ្ឌលឃុំឃាំងកាលពីថ្ងៃសៅរ៍ (០៨ មីនា) បន្ទាប់ពីរដ្ឋអាជ្ញាមិនបន្តប្តឹងឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចរបស់តុលាការដែលលុបចោលដីកាចាប់ខ្លួនពីបទបះបោររបស់មេដឹកនាំរងការចោទប្រកាន់ទម្លាក់តំណែងរូបនេះ។
លោក Yoon គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវបានចាប់ខ្លួនពេលកំពុងកាន់តំណែង ហើយត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល ដែលមានទីតាំងនៅទីក្រុង Uiwang ចម្ងាយ ២២គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ចាប់តាំងពីថ្ងៃទី១៥ ខែមករា មក។ នៅពេលដើរចេញពីកន្លែងនោះ លោក Yoon បានបក់ដៃ និងឱនគោរពទៅអ្នកគាំទ្រដែលអបអរសាទរ ដោយគ្រវីទង់ជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ នៅទីក្រុងសេអ៊ូល ក្រុមបាតុករប្រឆាំងលោក Yoon រាប់រយនាក់ បានប្រមូលផ្តុំគ្នាដើម្បីរិះគន់ការសម្រេចរបស់រដ្ឋអាជ្ញាក្នុងការដោះលែងលោកពីមជ្ឈមណ្ឌលឃុំឃាំង។ លោក Yoon វ័យ ៦៤ឆ្នាំ នៅតែត្រូវបានផ្អាកពីតួនាទីប្រធានាធីបតីរបស់ខ្លួន ខណៈការកាត់ទោសព្រហ្មទណ្ឌ និងការចោទប្រកាន់នៅតែបន្ត ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅថ្ងៃទី០៣ ខែធ្នូ។
តុលាការក្រុងសេអ៊ូល បានលុបចោលដីកាចាប់ខ្លួនលោក Yoon នៅថ្ងៃសុក្រ (០៧ មីនា) ដោយលើកឡើងពីពេលវេលានៃការចោទប្រកាន់របស់លោក និង "សំណួរអំពីភាពស្របច្បាប់" នៃដំណើរការស៊ើបអង្កេត។ នៅក្នុងការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងរបស់លោក តុលាការធម្មនុញ្ញត្រូវបានគេរំពឹងថានឹងសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះ ថាតើត្រូវដាក់ឱ្យកាន់តំណែងឡើងវិញ ឬដកលោក Yoon ចេញពីអំណាចជាផ្លូវការ៕


