ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ថា សហភាពអឺរ៉ុប នៅតែប្តេជ្ញាក្នុងការបញ្ឈប់ទាំងស្រុងការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។

លោកស្រី Von der Leyen បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល នៅមុនថ្ងៃទី១០០នៃអាណត្តិទី២របស់លោកស្រី ក្នុងតួនាទីរបស់គណៈកម្មាការអឺរ៉ុប នៅថ្ងៃអង្គារ ទី១១ ខែមីនា។

នៅពេលត្រូវបានសួរថាតើ អឺរ៉ុប នៅតែពិចារណាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្រោមរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ឬយ៉ាងណា លោកស្រី von der Leyen បាននិយាយថា វាមានសារៈសំខាន់ក្នុងការបន្តធ្វើការជាមួយគ្នា និងស្វែងរកដំណោះស្រាយចំពោះភាពខ្វែងគំនិតគ្នាណាមួយនៅក្នុងគោលនយោបាយ ឬមតិ។
ការអត្ថាធិប្បាយរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីមេដឹកនាំអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា បានគាំទ្រផែនការចំណាយបន្ថែមទៀតលើវិស័យការពារជាតិ និងបន្តឈរក្បែរអ៊ុយក្រែន។