បាល់ទាត់៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកកម្ពុជាលីគទី២ ឆ្នាំ២០២១ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២៧ ខែវិច្ឆិកាចុងសប្ដាហ៍នេះហើយ ដោយមានបេក្ខភាព ៨ក្រុមចូលរួមដើម្បីឆ្ពោះទៅដណ្ដើមជើងឯក និងប្រជែងកៅអីលីគកំពូលកម្ពុជានារដូវកាលឆ្នាំ២០២២។

បេក្ខភាព ៨ក្រុមដែលត្រៀមប្រកួតជើងឯកលីគទី២ រដូវកាលថ្មីនេះរួមមានក្លិបបាល់ទាត់ឬទ្ធីសែន, សាលាកីឡាបាល់ទាត់ជាតិ, ក្រុមកោះកុងអេហ្វស៊ី, ក្រុម ISI ដង្កោសែនជ័យ, ក្រុមយុវជន U21 នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, ក្លិបបាល់ទាត់ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។ យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលីគទី២ ឆ្នាំនេះគ្រោងដំណើរការប្រកួតរយៈពេល ២៩ថ្ងៃចាប់ពីថ្ងៃទី២៧ ខែវិច្ឆិការហូតដល់ថ្ងសទី២៥ ខែធ្នូខាងមុខ ដោយប្រើប្រព័ន្ធប្រកួតវិលជុំសន្សំពិន្ទុតែ ១ជុំប៉ុណ្ណោះដើម្បីកំណត់ក្រុមជើងឯក មានន័យថា ក្រុមនីមួយៗត្រូវឆ្លងកាត់ ៧ប្រកួត ខណៈក្រុមមានពិន្ទុខ្ពស់ជាងគេនឹងគ្រងជើងឯកតែម្ដង។ គួរដឹងថា ក្រុមជើងឯកលីគទី២ ឆ្នាំ២០២១ នេះនឹងទទួលបានកៅអីចូលរួមប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២២ ជំនួសកៅអីក្រុមសូលទីឡូអង្គរដែលត្រូវបានកាត់ចេញ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងក្នុងលីគកំពូលកម្ពុជាឆ្នាំ២០២១ ដែលទើបបញ្ចប់កាលពីថ្មីៗ៕
អត្ថបទ៖ លី ឈុនឡា