វាយកូនឃ្លីលើតុ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកាលពីថ្ងៃទី២៤ ខែវិច្ឆិកាបានដឹកនាំសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាក៏ដូចជាសម្ភារៈមួយចំនួនដល់ក្រុមជម្រើសជាតិរបស់ខ្លួន ដែលកំពុងបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានសម្ដែងការអរគុណចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីដែលបានខិតខំហ្វឹកហាត់ ទោះបីត្រូវអនុវត្តតាមគន្លងថ្មីនៃសម័យកូវីដជាមួយការហ្វឹកហាត់លក្ខណៈបិទខ្ទប់ក៏ដោយ។ ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញក្រុមជម្រើសជាតិទាំងអស់បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ឆ្លៀតឱកាសនៃការចុះសួរសុខទុក្ខ និងសំណេះសំណាលនោះដែរ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តមក៏បានផ្ដល់នូវការឧបត្ថម្ភប្រចាំខែនូវថវិកាចំនួន ៤០០ដុល្លារក្នុងម្នាក់ ទឹកបរិសុទ្ធ ៥០០កេស អាហារបំប៉ន សម្លៀកបំពាក់ និងសម្ភារហ្វឹកហាត់ រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនធំផងដែរ សម្រាប់ផ្ដល់ជូនក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិប្រើប្រាស់ប្រចាំខែ អំឡុងពេលបិទខ្ទប់ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
បន្ទាប់ពីការសួរសុខទុក្ខ និងឧបត្ថម្ភដល់កីឡាករ-កីឡាការិនី ឯកឧត្តម គៀត ច័ន្ទថារិទ្ធ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏បានធ្វើការប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំមហាសន្និបាតបញ្ចប់អាណ្តិទី៦ និងបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នាពេលឆាប់ៗខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា